នៅមុខ Springvale Town Hall ភាគអគ្នេយ៍ក្រុងម៉ែលប៊ិន រដ្ឋវិចថូរៀ ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីរាប់រយនាក់ ដឹកនាំដោយលោក ហុង លីម សមាជិកសភានៃរដ្ឋនេះ និងជាប្រធានសហព័ន្ធខ្មែរអូស្រ្តាលីសាជីវកម្ម រួមជាមួយនឹងសកម្មជនគណបក្សសង្រ្គោះជាតិនៅក្រុងម៉ែលប៊ិន ដោយមានចងក្រណាត់សនៅក្បាល កាន់បដានៅក្នុងដៃ បានស្រែកទាមទាររកយុត្តិធម៌ឲ្យលោកបណ្ឌិត កែមឡី ទាមទារឲ្យមានការដោះលែងអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ទាមទារឲ្យមានការគោរពសន្ធិសញ្ញា២៣តុលាក្រុងប៉ារីស ជាពិសេសគឺទាមទារឲ្យលោកហ៊ុន សែនចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនៅកម្ពុជា។ល។
លោក អ៊ិន ហេមារា ប្រធានគណបក្សសង្រ្គោះជាតិនៅក្រុងម៉ែលប៊ិនបានប្រាប់SBS ខ្មែរថា គោលបំណងក្នុងការធ្វើបាតុកម្មនៅរសៀលថ្ងៃនេះគឺដើម្បីផ្ញើសារសំខាន់ចំនួនបី៖
សារទី១៖ ផ្ញើជូនទៅលោកហ៊ុនសែន ថារបបផ្តាច់ការត្រូវតែបញ្ចប់ លទ្ធិប្រជាធិបតេយ្យក្លែងក្លាយត្រូវតែបញ្ចប់។
សារទី២៖ ជាសារផ្ញើជូនដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាថា ខ្មែរនៅលើសកលលោកឈរជាមួយនឹងខ្មែរនៅក្នុងស្រុក ដើម្បីរក្សាម្រាមដៃស្អាតនៅថ្ងៃបោះឆ្នោត។
សារទី៣៖ ជាសារថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជារាស្រ្តខ្មែរ ជាពិសេសសហរដ្ឋអាម៉េរិក និង សហភាពអឺរ៉ុបដែលបានដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា។
មុននឹងរំសាយ ក្រុមបាតុករបាននាំគ្នាដើរដង្ហែជាក្បួនទៅកាន់កណ្តាលផ្សារស្ព្រីងវ៉ែល Springvale Shopping Centre មួយជុំ៕