នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន លោក សឹង សែនករុណា លើកឡើងថា «បេសកកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍របស់ខ្ញុំ ក្នុងបំណងពង្រឹងការគោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ ហើយក៏គ្មានចេតនាណាមួយ វាយប្រហារបក្សនយោបាយណាមួយឡើយ»។
លោកបន្តថា «រាល់ការសម្រង់សម្តីរបស់ខ្ញុំ ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើ
ឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ។ សូមអរគុណច្រើន នូវទឹកចិត្តផ្ញើសារសួរសុខទុក្ខ និងព្រួយបារម្ភ ពីខាងគ្រួសារ បងប្អូន មិត្តភក្តិ បងប្អូនខាងសារព័ត៌មាន បងប្អូនខាងអង្គការសង្គមស៊ីវិលជាដៃគូជាតិ អន្តរជាតិ បងប្អូនមិត្តភក្តិទូតបរទេសមួយចំនួន ចំពោះសុវត្ថិភាពរបស់ខ្ញុំ ខ្ញុំបាទ មិនអីនោះទេ»។
សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យ និងជាអនុប្រធានសមាគមអាដហុក ទាមទារសំណង ២០០០ ០០០ ០០០ (ពីរពាន់) លានរៀល ស្មើប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក។ ការប្តឹងសកម្មជនសិទ្ធិមនុស្ស មកពីអង្គការអាដហុកនេះ យោងតាមអត្ថបទសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ( The Cambodia Daily ) ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោក ជាង ១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»។
ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា លើកឡើងថា កាលពីថ្ងៃទី២កុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ស៊ឹង សែនករុណា បានថ្លែងតាមរយៈសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលមានខ្លឹមសារដូចខាងក្រោម៖ «អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានឱ្យដឹងថា វិវាទរបស់អ្នកនយោបាយ គួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ កត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយ មានធនធានថវិកាច្រើន ដូច្នេះលោកយល់ថា គណបក្សនេះ គួរយោគយល់ដល់លោក សុន ឆ័យ»។
ប្រភពដដែល បានឱ្យដឹងថា គណបក្សកាន់អំណាច តែងតែយកតុលាការ មកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ លោកថា គណបក្សនយោបាយទាំងអស់ គួរតែប្រើវិធីចាស់ទុំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ»។
ក្នុងពាក្យបណ្តឹងដដែល ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច លើកឡើងថា ការថ្លែងខាងលើរបស់ឈ្មោះ ស៊ឹង សែនករុណា ស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្សប្រជាជនកម្ពុជា ប្រើប្រព័ន្ធតុលាការ មកដោះស្រាយ និង តែងតែយកតុលាការ មកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ព្រមទាំងប្រើប្រាស់វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដែលជាពាក្យពេចន៍អះអាងបំផ្លើសទាំងនេះ ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៀត ក្រុមមេធាវីគណបក្សកាន់អំណាចនៅកម្ពុជា ក៏បានលើកឡើងថា ការប្រព្រឹត្តរបស់បុគ្គល ស៊ឹង សែនករុណា ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។
ដូច្នេះក្នុងពាក្យបណ្តឹង ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា បានសុំប្តឹង និងសំណូមពរតុលាការ ២ចំណុច គឺទី១-ស្នើសុំឱ្យធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន។ ទី២-ទាមទារឱ្យឈ្មោះ ស៊ឹង សែនករុណា សងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជាចំនួន ២០០០លានរៀល។
សូមរម្លឹកបន្ថែមថា សំណុំរឿងរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានកើតឡើងនៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២២។ កាលណោះ ក្រោយប្រកាសលទ្ធផលបោះឆ្នោត លោកសុនឆ័យ បានថ្លែងថា គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា បានឃុបឃិតលួចបន្លំសន្លឹកឆ្នោត។ គណបក្សប្រជាជនកម្ពុជា និងគជប បានដាក់ពាក្យប្តឹងលោកសុនឆ័យ ទៅកាន់តុលាការ។ តុលាការទាំង ៣ថ្នាក់នៅកម្ពុជា បានសម្រេចឱ្យអ្នកនយោបាយបក្សប្រឆាំងរូបនេះ ចាញ់ក្តី ហើយត្រូវបង់ប្រាក់សំណងជំងឺចិត្តដល់គជប និងគណបក្សប្រជាជនកម្ពុជា សរុបជាង ១លានដុល្លារអាមេរិក។
អំឡុងពេលដំណើរការ លើសំណុំរឿងក្តីនេះ តុលាការក៏បានសម្រេចបង្កកទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ ដែលមានដី និងផ្ទះ ២កន្លែង នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ លោកសុនឆ័យ បានប្រកាសលក់ផ្ទះចុងក្រោយរបស់លោក តម្លៃជាង ១លានដុល្លារ ដើម្បីសងជំងឺចិត្តគណបក្សកាន់អំណាច។ ក្រោយការប្រកាសដូច្នេះ កាសែតបានយកទៅផ្សាយ ដែលនាំដល់ការប្តឹងផ្តល់លើសកម្មជនសិទ្ធិមនុស្ស ដែលគ្រាន់តែបញ្ចេញមតិក្នុងអត្ថបទកាសែតប៉ុណ្ណោះ៕