អូស្រ្តាលី​ប្រកាស​ផ្តល់​ជំនួយ​ដល់​កម្ពុជា ៨៣,៦លានដុល្លារអូស្រ្តាលី

Australian Foreign Minister Penny Wong (L) and Cambodian PM Hun Sen (R).jpg

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផិននី វង់ និង លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន នៅក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជា ឆ្នាំ២០២២។

រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦លានដុល្លារអូស្រា្តលី ស្មើជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា។ ជំនួយរបស់អូស្ត្រាលីនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ប្រកាស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ គឺ ២ថ្ងៃ ក្រោយថ្ងៃបោះឆ្នោតជាតិ នៅប្រទេសកម្ពុជា។


ក្រសួងការបរទេសកម្ពុជា បានប្រកាសថា តាមការបញ្ជាក់ នៅក្នុងលិខិតរួមថ្មីៗនេះរបស់ លោកស្រី ផេននី វង រដ្ឋមន្ត្រីការបរទេស និងលោក ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្ដរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្ម សម្រាប់វិស័យការពារជាតិរបស់អូស្ដ្រាលី ផ្ញើជូនលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសថា ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-ឆ្នាំ២០២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ ដែលនៅសល់ ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-ឆ្នាំ២០២៣។

ក្រសួងការបរទេសកម្ពុជា បន្ថែមថា ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាន និងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។

សេចក្តីប្រកាស បន្តថា រដ្ឋាភិបាលអូស្ត្រាលី បញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ។

ក្រសួងការបរទេសកម្ពុជា ក៏បានប្រកាសថា កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី រងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដោយ។ កាយវិការនេះ គឺជាសក្ខីភាពដ៏ច្បាស់លាស់មួយចំពោះភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងអូស្ត្រាលី៕



Share