លោកឯកអគ្គរដ្ឋទូត បានប្រកាសថា អូស្ត្រាលី ជួយគាំទ្រគោលដៅអន្តរកាលថាមពលរបស់កម្ពុជា។ ថាមពលស្អាត បានផ្តល់នូវឱកាសអភិវឌ្ឍសេដ្ឋកិច្ច និងអាចគាំទ្រដល់សន្តិសុខថាមពល និងដំណើរឆ្ពោះទៅរកអព្យាក្រឹតភាពកាបោនរបស់កម្ពុជាផងដែរ។
តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ ហៅកាត់ថា CAPRED អូស្ត្រាលី នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជំរុញការកសាងសមត្ថភាពរបស់មន្ត្រីផ្នែកថាមពល ផ្សារភ្ជាប់ថាមពលពន្លឺព្រះអាទិត្យជាមួយប្រជាជននៅតំបន់ឆ្ងាយ និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល»។ នេះបើតាមលោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ចាស្ទីន វ៉ាយអេត។
សូមរម្លឹកថា ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ស្ថានទូតនូវែលហ្សេឡង់ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP និងអេននឺជីឡេប Cambodia បានប្រកាសគាំទ្រកម្ពុជា ដើម្បីរៀបចំ «សប្តាហ៍ថាមពលស្អាត» ឆ្នាំ២០២៣ ។ សប្តាហ៍ថាមពលស្អាតប្រចាំឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងនោះ រួមមាន កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ កម្មវិធីលើកកម្ពស់ការយល់ដឹង។ ព្រឹត្តិការណ៍ទាំងនេះ ដើម្បីបង្ហាញពីការច្នៃប្រតិដ្ឋ ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ន នៃថាមពលស្អាត។ កម្មវិធីនេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជនផងដែរ ។
ព្រឹត្តិការណ៍ប្រចាំឆ្នាំ រយៈពេល ១សប្តាហ៍នេះ ក៏ជាឱកាសមួយ ដើម្បីចែករំលែកចំណេះដឹង នវានុវត្តន៍ និងការអនុវត្តល្អបំផុត ក្នុងវិស័យថាមពលស្អាត ពីដៃគូពាក់ព័ន្ធ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធ ក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័នរបស់កម្ពុជានាពេលអនាគត។
កិច្ចសហប្រតិបត្តិការលើសេចក្តីប្រាថ្នារួមរបស់អូស្ត្រាលី ក៏ដូចជា ដៃគូអភិវឌ្ឍ ក្នុងការកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ គឺជាអាទិភាពសំខាន់ សម្រាប់ការគាំទ្រចំពោះកម្ពុជា៕