ការ​អំពាវនាវសុំឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​លើ​ការ​ផ្តល់​កិច្ច​គាំពារ​សង្គម​ដល់​ពលករចំណាកស្រុក

Millions in Cambodia were forced to work on communal farms.

Millions in Cambodia were forced to work on communal farms. Source: Reuters

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងកំណត់តម្លៃឯកសារ និងយន្តការដោះស្រាយបណ្ដឹងរបស់ពលករចំណាកស្រុកឡើងវិញ។ អង្គការក្រៅរដ្ឋាភិបាលមួយនេះ ក៏ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់ លើប្រព័ន្ធគាំពារសង្គម ដល់ពលករចំណាកស្រុកផងដែរ។


ក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ សង់ត្រាល់ បានរកឃើញបញ្ហាប្រឈមរបស់ពលករចំនួន ៣ចំណុច។ អង្គការនេះ បានសម្ភាសជាមួយអតីតពលករចំណាកស្រុក ក្នុងខេត្តគោលដៅ ចំនួន៦ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ខេត្តព្រះវិហារ និងពោធិ៍សាត់។

បញ្ហាប្រឈមទាំងនោះ រួមមាន ទី១- តម្លៃដំណើរការនៃការចំណាកស្រុក។ បញ្ហាប្រឈមទី២ គឺយន្តការនៃការរាយការណ៍ និងបណ្តឹងតវ៉ា ពាក់ព័ន្ធនឹងករណីពលករ នៅមានកម្រិត និងបញ្ហាប្រឈមទី៣ គឺវិសាលភាពនៃកិច្ចគាំពារសង្គម មិនទាន់បានគ្របដណ្តប់ ដល់អតីតពលករចំណាកស្រុកនៅឡើយ។

ការលើកឡើងខាងលើនេះ បានធ្វើឡើង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ កាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ស្ថិតនៅព្រំដែនថៃ ក្នុងខេត្តបន្ទាយមានជ័យ។

យ៉ាងណាក៏ដោយ ជុំវិញការលើកឡើងរបស់អង្គការ សង់ត្រាល់ខាងលើនេះ ត្រូវលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា ក្រសួង តែងតែទទួលយកសំណើរនានារបស់សហជីព អង្គការសង្គមស៊ីវិល សមាគម មកពិចារណា ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ និងអត្ថប្រយោជន៍នានារបស់កម្មករនិយោជិត។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់សហជីព អង្គការសង្គមស៊ីវិល និងសមាគម ដែលធ្វើការងារពាក់ព័ន្ធសិទ្ធិកម្មករនិយោជិត សូមដូររបៀបធ្វើការ ដែលមិនមានប្រសិទ្ធភាព មករបៀបធ្វើការចំគោលដៅ និងសហការជាមួយក្រសួងការងារ សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត។

ជាមួយគ្នាដែរ អ្នកនាំពាក្យ ក៏បានបញ្ជាក់ថា ក្រសួងស្វាគមន៍រាល់ការលើកយកករណីជាក់ស្តែង មានអង្គហេតុច្បាស់លាស់ មានជនរងគ្រោះពិតប្រាកដ ដែលជាការលើកឡើងរបស់សហជីព ឬអង្គការសង្គមស៊ីវិល មកដាក់លើតុ ដើម្បីជជែក រកការពិត និងដំណោះស្រាយ ជាជាងធ្វើសកម្មភាព សម្រាប់តែការសរសេររបាយការណ៍ តែមិនស្វែងរកដំណោះស្រាយដល់កម្មករនិយោជិត៕


Share