ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ នេះ រៀបចំឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ មានស្តង់ពិព័រណ៍សៀវភៅ ប្រមាណ ៣០០ស្តង់ ដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល។
លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្តីរំពឹងថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ នឹងក្លាយទៅជាជម្រុកវប្បធម៌មួយ សម្រាប់ការលើកកម្ពស់ការតែងនិពន្ធក្នុងយុគសម័យថ្មី គឺយុគសម័យបច្ចេកវិទ្យា។
ការបង្ហាញក្តីរំពឹងបែបនេះ បានឡើងក្នុងពិធីបើកពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ រយៈពេល ៤ថ្ងៃ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» នៅតំបន់កោះពេជ្រ នាព្រឹកថ្ងៃទី១៤ ខែធ្នូ។
លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបន្ថែមថា គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺបណ្ដុះការអានពីក្មេង ដោយក្រសួង បានសហការជាមួយដៃគូជាច្រើន បានរៀបចំកញ្ចប់អំណានដំបូង។
ក្រុមអ្នករៀបចំពិព័រណ៍សៀវភៅរយៈពេល ៤ថ្ងៃនេះ រំពឹងថា នឹងមានអ្នកចូលរួមច្រើន ដូចមុនជំងឺកូវីដ១៩ ឆ្លងរាតត្បាត ប្រមាណជាជាង ១០ម៉ឺននាក់៕