តាមអ្នកជំនាញដដែល កម្ពុជា គឺជាប្រទេស ដែលដាំដុះស្វាយចន្ទីច្រើនជាងគេ លំដាប់ទី២ បន្ទាប់ពីប្រទេសកូឌឺវ័រ នៅតំបន់អាហ្រ្វិក តែគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា គឺល្អជាងគេ ដែលនេះជាកត្តាសំខាន់ រុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញការកែច្នៃ តាមរយៈខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែម។
លោក កុក ធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បន្ថែមថា ស្វាយចន្ទីកម្ពុជា មានសក្តានុពល និងគុណភាពខ្ពស់ ដែលអាចធ្វើឱ្យកម្ពុជា ក្លាយជាអធិរាជស្វាយចន្ទី ដូចអ្វីដែលថ្នាក់ដឹកនាំកម្ពុជា ចង់បាន។ ( សំឡេង )
ជាមួយគ្នានេះ កម្ពុជា ក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំសន្និសីទ ស្វាយចន្ទីពិភពលោក លើកទី១០ នាថ្ងៃទី១-៤ ដើមខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តសៀមរាប។
កម្មវិធីនេះ នឹងជួយជំរុញការផ្សព្វផ្សាយដល់សាធារណជន អាជីវករ ពាណិជ្ជករ អ្នកធុរកិច្ច ទាំងក្នុង និងក្រៅស្រុកឱ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីសក្តានុពលស្វាយចន្ទីកម្ពុជា និងទាក់ទាញដៃគូពាណិជ្ជកម្ម អ្នកទិញ អ្នកវិនិយោគ និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់នាំចេញ សំដៅលើកកម្ពស់ការប្រកួតប្រជែង ពិសេសជួយជំរុញកំនើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាបន្ន។
សមាគមស្វាយចន្ទីកម្ពុជា បានប្រកាសថា ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៦៥១ ០០០តោន។ ក្នុងនោះ នាំចេញទៅវៀតណាម ចំនួន ៦១៥ ០០០តោន ស្មើទឹកប្រាក់ ៨៣១លានដុល្លារអាមេរិក ថយចុះ ១៦,៧ភាគរយ បើធៀបរយៈកាលដូចគ្នា កាលពីឆ្នាំ២០២២។ ចំពោះតម្លៃវិញ ជាមធ្យមគ្រាប់ស្វាយចន្ទីស្ងួត ថ្លៃ ១៦៥៨ ដុល្លារអាមេរិក ក្នុង ១តោន។ ដោយឡែក នៅខែតុលា ឆ្នាំនេះ គ្រាប់ស្ងួតតម្លៃ ៧០០០រៀល-៧៥០០រៀល ក្នុង ១គីឡូក្រាម ឬ ១៩០០ដុល្លារ ក្នុង ១តោន ដែលតម្លៃនេះ ជាតម្លៃល្អ បើធៀបនឹងពេលកន្លងមក៕