ឯកអគ្គរដ្ឋទូតអូស្រ្តាលី លោក ចាស្ទីន វ៉ាយអេត មានប្រសាសន៍ថា «អន្តរកាលថាមពលស្អាតរបស់កម្ពុជា គឺជាឱកាសមួយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ អូស្ត្រាលីប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ រួមទាំងការចែករំលែកបទពិសោធន៍របស់យើង ក្នុងការធ្វើអន្តរការថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនីមេ ដើម្បីជួយកម្ពុជាសម្រេចបាននូវលទ្ធផល តាមការរំពឹងទុក។»
លោកឯកអគ្គរដ្ឋទូត វ៉ាយអេត បានបន្ថែមថា «តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតលើការរួមបញ្ចូលថាមពលកកើតឡើងវិញ។ CAPRED ក៏កំពុងអនុវត្តគម្រោងដែលជួយឲ្យប្រជាជននៅតំបន់ដាច់ស្រយាលដែលមិនទាន់ត្រូវបានភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី ឱ្យមានលទ្ធភាពភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលសូឡា និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល(ESCOs)។»
លោកស្រី Alissar Chaker អ្នកតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជាមានប្រសាសន៍ថា «ការទទួលយកថាមពលស្អាតមិនមែនជាគោលជំហរមនោគមវិជ្ជាទេ។ វាគឺជាឱកាសអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់កម្ពុជាក្នុងការបង្កើនសន្តិសុខថាមពល បង្កើតភាគលាភពាណិជ្ជកម្ម និងការងារ លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងបង្កើនភាពធន់ និងបរិយាបន្ន។
កម្មវិធីនេះ ក៏មានកិច្ចពិភាក្សាលើអាទិភាពសំខាន់ៗ សម្រាប់អន្តរកាលថាមពលស្អាតរបស់ប្រទេសកម្ពុជា ដោយមានវាគ្មិនកិត្តិយសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) និង Empacte។
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយអង្គការអេននឺជីឡេប (EnergyLab Cambodia) ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយនឹងសហស្ថាបនិករួមមាន រដ្ឋាភិបាលអូស្ត្រាលី និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទទួលបានមូលនិធិពីអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យដែលទទួលបានមូលនិធិពីសហភាពអ៊ឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA)។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ដោយក្នុងនោះ រួមមានកម្មវិធីដូចជា៖ កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។ កម្មវិធីនេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជន៕