ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិ សូមប្រើប្រាស់តំណភ្ជាប់ទៅកាន់គេហទំព័រ «www.arrival.gov.kh» ឬកម្មវិធី «Cambodia e-Arrival» ដែលជាគេហទំព័រផ្លូវការ និងជាកម្មវិធី ដែលបានកំណត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ជាប្រព័ន្ធអេឡិចត្រូនិចសលាកបត្រ ចូលប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានគូសបញ្ជាក់បន្ថែមថា សម្រាប់ការបំពេញក្នុងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលប្រទេសកម្ពុជា តាមរយៈគេហទំព័រ ឬកម្មវិធី Cambodia e-Arrival» ពុំតម្រូវឱ្យមានបង់ថ្លៃសេវានោះទេ លើកលែងតែថ្លៃអាករទិដ្ឋាការប៉ុណ្ណោះ។
តាមសេចក្តីប្រកាស ករណីមានការសង្ស័យ ឬភាពមិនប្រក្រតីណាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសឱ្យសាធារណជន ទាក់ទងមកលេខទូរសព្ទ Hotline គេទំព័រ Page Facebook និងបណ្តាញទំនាក់ទំនងសង្គមនានារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយផ្ទាល់។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានប្រកាសសំណូមពរដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនានា៕