តាមរដ្ឋបាលជលផល ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ដែលបានទៅប្រមូលទិញត្រី សម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ នៅមណ្ឌលបែងចែកផលនេសាទគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឱ្យដឹងថា នៅឆ្នាំនេះ ត្រីប្រហុក ផ្អក សំបូរជាងឆ្នាំមុន ខណៈដែលតម្លៃ ប្រហាក់ប្រហែលនឹងឆ្នាំមុន គឺថ្លៃ ២០០០រៀល ក្នុងមួយគីឡូក្រាម។
( សំឡេង )
រដ្ឋបាលជលផល បានប្រកាសថា នៅឆ្នាំ២០២៣នេះ ទិន្នផលត្រីប្រហុកផ្អក កើនលើសឆ្នាំមុនប្រមាណ ៥ភាគរយ។ កំណើននេះ ដោយសារតែការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបានច្រើន នាពេលកន្លងទៅ។
កាលពីឆ្នាំ២០២២ ទិន្នផលត្រី មានចំនួន ១៣០០០តោន ហើយនៅឆ្នាំ២០២៣នេះ ផលនេសាទដាយត្រីរំពឹងថា នឹងកើនដល់ ១៣ ៦៥០តោន។
ជាមួយគ្នានេះ ក្នុងពេលពិនិត្យកន្លែងប្រមូលត្រីធ្វើប្រហុកផ្អក នៅស្រុកពញាឮ ខេត្តកណ្តាល រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្រកាសថា ក្រសួង សហការជាមួយក្រុមហ៊ុនឯកជន កំពុងរៀបចំកែច្នៃប្រហុកផ្អក វេចខ្ចប់តាមស្តង់ដារ សម្រាប់នាំចេញទៅក្រៅប្រទេស។
( សំឡេង )៕