រដ្ឋាភិបាលកម្ពុជា​ប្រកាស​ដាក់តំបន់​ព្រៃឡង់​ជា«តំបន់ក្រហម»

Prey_lang - Winrock_international.jpg

តំបន់ព្រៃឡង់ ត្រូវបានចាត់ទុកជា «តំបន់ក្រហម»

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយ “មិនពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៀតនោះទេ” ដែលមានន័យថា “ដាក់តំបន់ព្រៃឡង់ ជាតំបន់ក្រហម”។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។


លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា នៅតំបន់ព្រៃឡង់ ដែលលាតសន្ធឹងនៅខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ គឺមិនចេញអាជ្ញាបណ្ណថ្មីបន្ថែម ក្នុងការរុករកធនធានរ៉ែ ពិនិត្យលទ្ធភាពផ្ទៃដី ដែលសិក្សារួច និងមិនមានលទ្ធភាពផលិតធនធានរ៉ែ និងមិនអនុញ្ញាតឱ្យមានការពង្រីកផ្ទៃដីបន្ថែមទៀត សម្រាប់អាជ្ញាបណ្ណ ដែលមានស្រាប់។

នៅក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់យ៉ាងដូច្នេះថា៖

( សំឡេង )

សូមរម្លឹកថា ព្រៃឡង់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣៦០០ គីឡូម៉ែត្រការ៉េ គឺជាតំបន់ព្រៃបៃតងទំនាបចុងក្រោយបង្អស់របស់អាស៊ីអាគ្នេយ៍។ វាជាព្រៃបៃតងទាបបំផុត ដែលនៅសេសសល់នៅលើឧបទ្វីបឥណ្ឌូចិន និងមានសមាជិកជនជាតិភាគតិចប្រមាណ ២០០,០០០ នាក់ រស់នៅក្នុង ឬជុំវិញតំបន់ព្រៃឡង់ ក្នុងខេត្ត ៤ ស្ថិតនៅខាងជើងទន្លេមេគង្គ។

ព្រៃឡង់ កំពុងស្ថិតក្រោមការគំរាមកំហែងពីប្រភពផ្សេងៗគ្នា ដែលបានដាក់ផលប្រយោជន៍សេដ្ឋកិច្ច ដែលគិតខ្លី មុនពេលសុខុមាលភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ចម្ការកសិពាណិជ្ជកម្ម និងប្រតិបត្តិការរុករករ៉ែ ក៏ដូចជាការកាប់បំផ្លាញព្រៃឈើ រួមទាំងតំបន់ស្នូល ដែលងាយរងគ្រោះ កំពុងកើតមានឡើង នៅតំបន់ព្រៃឡង់។

ការកាប់ឈើខុសច្បាប់ រួមទាំងឈើប្រណីត នៅតំបន់ព្រៃឡង់ ត្រូវបានគេរាយការណ៍ថា កំពុងកើតមានយ៉ាងខ្លាំង ធ្វើឲ្យសហគមន៍ មិនអាចដកហូតឈើជ័រ ដែលពួកគេ ធ្លាប់អាស្រ័យផលនោះឡើយ។ ចំណែកការជីកយករ៉ែខុសច្បាប់ សម្រាប់លោហធាតុមានតម្លៃ និងរ៉ែដែក ក៏ត្រូវបានគេរាយការណ៍ថា កំពុងកើនឡើងផងដែរ។ សារធាតុគីមីពុល ក៏កំពុងត្រូវបានគេបោះចោលទៅក្នុងផ្លូវទឹកព្រៃឡង់ ដែលធ្វើឲ្យប៉ះពាល់ដល់តុល្យភាពអេកូឡូស៊ីដ៏ល្អរបស់តំបន់ និងបង្កគ្រោះថ្នាក់ដល់សហគមន៍៕



Share