ក្នុងពិធីបិទសន្និបាតបូកសរុបក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លា.ប់ គឺសមត្ថកិច្ច ត្រូវអនុវត្តច្បាប់ ដោយឃាត់ខ្លួនជនល្មើសភ្លាម ហើយរូបលោក ជានាយករដ្ឋមន្ត្រី ជាអ្នកការពារ និងនៅពីក្រោយសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ ឱ្យធ្វើដូច្នេះ។
( សំឡេង )
បទបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រីកម្ពុជាខាងលើនេះ បានធ្វើឡើង ក្រោយពីមានករណីជនល្មើស បើកឡាន បុកមនុស្សស្លាប់ ហើយមិនត្រូវបានចាប់ឃុំខ្លួន នាំទៅកាត់ទោសនោះទេ។ ករណីនេះ យ៉ាងហោចណាស់ ២ករណីហើយ ដែលជនល្មើស មិនត្រូវបានប៉ូលិស ចាប់ខ្លួនឡើយ ទោះបីជាស្គាល់ផ្ទះ និងស្គាល់អត្តសញ្ញាណច្បាស់លាស់ហើយក៏ដោយ។
ថ្មីៗនេះ យុវជនកូនចៅអ្នកមានលុយម្នាក់ ដែលជាមេធាវីផង បានបើកឡានទំនើប ម៉ាក Jeep overland ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលអោយស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅចំណុចផ្លូវប្រសព្វរវាងផ្លូវលេខ៣១៧ និងផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានទុករថយន្តចោល និងបានឡើងជិះរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់។
អ្នកបើកបរឡានបង្កហេតុនោះ មានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាកូនប្រុសរបស់មេធាវី ឈ្មោះ ព្រហ្ម វិចិត្រសុភា។
ករណីនេះ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រកាសថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក Jeep មួយគ្រឿង បានបុកបុរសម្នាក់ស្លា.ប់ភ្លាមៗនឹងកន្លែងកើតហេតុ។
ជុំវិញករណីនេះ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លា.ប់ នៅខណ្ឌទួលគោក ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគេចវេស មិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ ឲ្យអ្នកដទៃស្លា.ប់។
តាមដីកា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកំណត់ឲ្យជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ ២៣ឆ្នាំ បង្ហាញខ្លួននៅតុលាការ ឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។
ក្នុងដីកាដដែល តុលាការ បានបញ្ជាឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំង ចាប់បុគ្គល ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ជាអ្នកបើកឡានបុកមនុស្សស្លាប់ នាំទៅកាន់តុលាការផងដែរ៕