កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំលំហាត់​សមយុទ្ធកងទ័ព​មក​ពី​១៤ប្រទេស

ASEAN's mine action filed training exercise in Cambodia.jpg

លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក បានបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា។ លំហាត់ហ្វឹកហ្វឺនពហុជាតិនេះ ធ្វើឡើង ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញ ដោយមានកងកម្លាំង ប្រមាណ ៤៥០នាក់ មកពី ១៤ប្រទេស ចូលរួម។ ប្រទេសទាំង ១៤ ដែលបញ្ជូនកម្លាំង មកចូលរួមលំហាត់ហ្វឹកហ្វឺននៅកម្ពុជា ពេលនេះ រួមមាន អូស្ត្រាលី ចិន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា សាធារណរដ្ឋកូរ៉េ រុស្ស៊ី ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី និងវៀតណាម។


លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ ក្រោមប្រធានបទ “មាតុភូមិដ៏បវរឆ្នាំ២០២៣” ធ្វើឡើង នៅទីលានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ស្ថិតនៅក្នុងភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងពិធីបើកលំហាត់ហ្វឹកហ្វឺន លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននេះ ធ្វើឡើងមានគោលបំណង ផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេសបង្កើន ចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងតំបន់។ លោកបន្ថែមថា នេះជាលើកដំបូង សម្រាប់កម្ពុជា ដែលធ្វើជាសហប្រធានជាមួយកងទ័ពរំដោះប្រជាជនចិន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺននេះ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី៖ ( សំឡេង )

លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានរំពឹងថា លំហាត់ហ្វឹកហ្វឺននេះ នឹងរួមចំណែកមួយយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន នាឆ្នាំ២០២៥ ជាពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន ដែលបានលើកឡើងនាពេលកន្លងមកថា «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។

គួរបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក បានធ្វើឡើង ដោយផ្តោតលើវិញ្ញាសាបោសសម្អាតមីនមនុស្សធម៌ កំទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ សង្គ្រោះបឋម ជាដើម។ ទន្ទឹមនឹងនោះ ក៏មានបើកវេទិកាសម្រាប់ពិភាក្សា និងដកពិសោធន៍ ក្នុងកម្រិតអង្គការជំនាញ អន្តរជាតិ និងមានវិជ្ជាជីវៈ មកពីបណ្តាប្រទេសចូលរួម ក្រោមប្រធានបទ «ការអភិវឌ្ឍន៍ នៃឧបករណ៍បោសសីម្អាតមីន និងបច្ចេកទេសវិទ្យា នវានុវត្តន៍ និងការប្ដូរបទពិសោធន៍»៕



Share