អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន ក្នុងទុនវិនិយោគ ១១០០លានដុល្លារអាមេរិក ត្រូវបានបើកឱ្យដំណើរការ នៅថ្ងៃទី១៦ តុលា ២០២៣ មានទីតាំងស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង ៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលខ្លី និង ២០លាននាក់ ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលវែង។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ព្រលានយន្តហោះថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់ សម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជា ផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធបំពេញបែបបទពេលមកដល់អេឡិចត្រូនិក E-Arrival នៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ដែលជាដំណើរការមុនគេបង្អស់ ដើម្បីសំដៅជួយសម្រួលដល់ការបំពេញឯកសាររបស់អ្នកដំណើរ និងកាត់បន្ថយការប្រើប្រាស់ក្រដាស ទៅជាការប្រើប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិច។
ជាមួយគ្នានេះ ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ នៅខេត្តសៀមរាប កាន់តែរស់រវើក លោកនាយករដ្ឋមន្ត្រី ក៏នឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់តំបន់ទេសចរណ៍ មានសក្តានុពលនៅប្រទេសនានា នៅលើពិភពលោក និងពង្រីកវិសាលភាពបណ្ណព្រំដែន ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស មានលទ្ធភាពធ្វើដំណើរកំសាន្ត ឆ្លងពីប្រទេសជិតខាងកម្ពុជា មកដល់ខេត្តសៀមរាប តែម្ដង៕