ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់ បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការ លបបើកក្បាលទុយោទឹកសម្រាប់សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាពទឹកហូរចេញពីទុយោទឹក សម្រាប់សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ។ ប៉ុន្តែពុំទាន់ដឹងថា តើបុគ្គលណា ជាអ្នកទម្លាយវីដេអូចេញទៅខាងក្រៅនៅឡើយ។
តាមសេចក្តីសន្និដ្ឋានរបស់គណៈកម្មការសាងសង់អគារ ករណីនេះ ពុំមែនបណ្ដាលមកពីលក្ខណៈបច្ចេកទេសសំណង់នោះឡើយ គឺអាចជាចេតនាទុច្ចរិតរបស់បុគ្គល ដែលមិនសប្បាយចិត្ត នឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ ក្រោមការគ្រប់គ្រងចាត់ចែងរបស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុងបំណងមិនល្អ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណៈកម្មការសាងសង់អគារ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទោះបីកាមេរ៉ាសុវត្ថិភាព ពុំទាន់បំពាក់ រួចរាល់គ្រប់ជ្រុងនៅឡើយ ក៏គណៈកម្មការសាងសង់អគារ បាន និងកំពុងបន្តនីតិវិធីស្រាវជ្រាវរកអត្តសញ្ញាណបុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គល ដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យតាមលក្ខន្តិកៈមន្ត្រីនគរបាលជាតិ។
សូមបញ្ជាក់ថា អគារថ្មីរបស់ក្រសួងមហាផ្ទៃ ដ៏ស្កឹមស្កៃ កម្ពស់ ៩ជាន់ ត្រូវបានបានសាងសង់ឡើង នៅទីតាំងចាស់ តាមមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក។ អគារថ្មីនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី សូត្រមន្ត តែប៉ុន្មានមុនថ្ងៃបង្កើតរាជរដ្ឋាភិបាលថ្មី នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសាងសង់អគារថ្មីនេះ ហើយក៏បានទុកជាកេរ្តិ៍ដំណែល សម្រាប់កូនប្រុសរបស់លោក គឺលោក ស សុខា អាយុជាង ៤០ឆ្នាំ ដែលបានឡើងកាន់តំណែង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តវេនពីរូបលោក៕