ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ ក៏បានប្រកាសថា ក្រសួង បាន និងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
សេចក្តីប្រកាស បន្តថា ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាន និងកំពុងសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធី សម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោស តាមរយៈស្ថានតំណាងកម្ពុជា នៅតាមបណ្តាប្រទេសនានា ហើយក្រសួងយុត្តិធម៌នឹងធ្វើការជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោស សម្រាប់ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស នាពេលខាងមុខ។
ក្រសួងយុត្តិធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះ។
នៅថ្ងៃទី១២ ខែកញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស បានជួបប្រជុំជាមួយគណៈប្រតិភូក្រសួងយុត្តិធម៌ ដើម្បីពិភាក្សា រិះរកវិធីដោះស្រាយ ជួយសម្រួលជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ទទួលបាន «ព្រឹត្តិបត្រថ្កោលទោស» ឬ «លិខិតថ្កោលទោស» តាមប្រព័ន្ធឌីជីថល តាមការចាំបាច់៕