កម្មវិធីជំនួយសង្គមថ្មីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភ ជូនជនមានពិការភាព រួមទាំងឧបត្ថម្ភសាច់ប្រាក់ ជូនជនចាស់ជរា អាយុ ៦០ឆ្នាំឡើង។
បន្ថែមលើនេះ, កញ្ចប់គ្រួសារថ្មីនេះ ក៏មានការឧបត្ថម្ភ សម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហានិភ័យ និងភាពងាយរងគ្រោះនានា។
កម្មវិធីជំនួយសង្គមនេះ នឹងចាប់អនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ បន្ទាប់ពី «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវបិទបញ្ចប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ ( សំឡេង )
សូមរំលឹកថា ក្នុងពេលឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ថវិកាប្រមាណ ១.៣៥៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១, ៦០១ លានដុល្លារ ក្នុងឆ្នាំ២០២២ និងគិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រមាណជាង ១.២០០ លានដុល្លារ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ជាពិសេសលើកម្មវិធីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ, ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, កម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និង ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើម។
ដោយឡែក នៅឆ្នាំ២០២៤ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយ ១៦៥លានដុល្លារអាមេរិក ជួយប្រជាពលរដ្ឋក្រីក្រ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២លាន ៨សែននាក់៕