នាយករដ្ឋមន្ត្រីកម្ពុជាពន្យល់ពីការដំឡើងឋានៈលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី

Deputy PM Hun Mani.jpg

លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ

បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មី បាន ៦ខែរួចមក លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលជាកូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាប្អូនប្រុសរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានៈ ជាឧបនាយករដ្ឋមន្ដ្រី។


ចំពោះការតែងតាំងប្អូនប្រុសរបស់លោក ជាឧបនាយករដ្ឋមន្ត្រីដូច្នេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី បានពន្យល់ថា ការដំឡើងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី គឺមិនមែនដោយសារជាសាច់ញាតិរបស់លោកឡើយ តែផ្ទុយទៅវិញ គឺបន្ថែមទម្ងន់នៃយន្តការដឹកនាំគ្រប់គ្រងលើកិច្ចការកំណែទម្រង់មុខងារសាធារណៈ។

ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ នាថ្ងៃទី២២ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលរបស់លោក មិនមែនជាការធ្វើបដិវត្តន៍នោះទេ ប៉ុន្តែគឺជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងថែរក្សាផលប្រយោជន៍ជាតិ ហើយក្រសួងមុខងារសាធារណៈ បានដើរតួនាទីជាសេនាធិការ នៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលគ្របដណ្ដប់ទៅលើការងារពាក់ព័ន្ធគ្រប់ក្រសួងសា្ថប័នទាំងអស់ ហើយបើសេនាធិការមួយនេះ មានទម្ងន់ទាប នោះនឹងមិនអាចប្រាប់គេអោយធ្វើការងារបានទេ។

លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ រដ្ឋសភា ដែលមានសមាជិក ជាអ្នកតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុនសែន ចំនួន ១២០រូប និង ៥រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច បានប្រជុំបោះឆ្នោតជាឯកច្ឆ័ន្ទគាំទ្រលោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្ដ្រី ដោយមានសំឡេងគាំទ្រ ១២០រូប។ ការដំឡើងឋានៈលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី បានធ្វើឲ្យរាជរដ្ឋាភិបាល អាណត្តិទី៧ របស់លោក ហ៊ុន ម៉ាណែត មានឧបនាយករដ្ឋមន្ត្រី កើនដល់ ១១រូប៕

 


Share