កម្ពុជាត្រៀម​ទប់ទល់​នឹង​គ្រោះមហន្តរាយធម្មជាតិ​

flooding in Cambodia.jpg

គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមលក្ខណៈរួចជាស្រេចហើយ នូវស្បៀងបម្រុងយុទ្ធសាស្ត្រ និងកម្លាំងសង្គ្រោះ ក្នុងការដោះស្រាយបន្ទាន់ពីផលប៉ះពាល់ ដោយគ្រោះមហន្តរាយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ ជាដើម។


នេះបើតាមលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងនោះ ស្បៀងបម្រុង មានដូចជា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ រួមទាំងការត្រៀមនូវគ្រាប់ពូជស្រូវ និងដំណាំផ្សេងៗសម្រាប់ស្តារឡើងវិញ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ។
លោក សុទ្ធ គឹមកុលមុនី៖ ( សំឡេង )

ក្រៅពីការត្រៀមស្បៀងបម្រុងយុទ្ធសាស្ត្រ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ចំនួន ១៦កង ដែលទទួលបានការហ្វឹកហ្វឺនជំនាញ និងបំពាក់សម្ភារៈរួចរាល់។ កងប្រតិបត្តិការរុករក និងសង្គ្រោះនេះ ជាកម្លាំងស្នូល ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ដែលបានកើតឡើងនាពេលកន្លងមក ដូចជា គ្រោះទឹកជំនន់ធ្ងន់ធ្ងរ ការរលំបាក់អគារ អគ្គិភ័យទ្រង់ទ្រាយធំ និងការលិចទូកចម្លងសិស្ស ជាដើម។

គួរបញ្ជាក់ថា ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុ ក្នុងឆ្នាំនេះ ទឹកជំនន់រហ័ស បានកើតឡើងតាមតំបន់មួយចំនួន ពិសេសនៅតំបន់ព្រៃភ្នំ។

រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានរៀបចំទីទួលសុវត្ថិភាព ដែលមានស្រាប់ ដើម្បីត្រៀមប្រើប្រាស់ ទទួលប្រជាពលរដ្ឋ ដែលជម្លៀសពីផ្ទះសម្បែងរបស់ពួកគាត់។

គិតមកដល់ដើមខែកញ្ញានេះ ទីទួលសុវត្ថិភាព ៩ទីតាំង ត្រូវបានរៀបចំសាងសង់រួចរាល់ នៅតាមខេត្តងាយរងគ្រោះ រួមមាន ខេត្តកំពង់ធំ ៥កន្លែង កំពង់ឆ្នាំង ២កន្លែង ពោធិ៍សាត់ ២កន្លែង ក្នុងនោះមាន ៦កន្លែងមានលក្ខណៈស្តង់ដារត្រឹមត្រូវ។ ចំពោះទីទួលសុវត្ថិភាពនីមួយៗ មានលទ្ធភាព អាចឲ្យប្រជាពលរដ្ឋប្រមូលផ្តុំចន្លោះពី ៣០០ ទៅ៥០០នាក់។

 

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានប្រកាសថា ចាប់ពីខែមករា រហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៣ បាតុភូតរន្ទះបាញ់ នៅកម្ពុជា បានកើតឡើងចំនួន ១០៩ លើក នៅ ២២រាជធានីខេត្ត លើកលែងតែខេត្ត ៣ប៉ុណ្ណោះ គឺខេត្តកែប ខេត្តកោះកុង និងខេត្តមណ្ឌលគិរី។ រន្ទះបាញ់ ៨ខែមកនេះ បានបណ្ដាលឱ្យមនុស្សស្លាប់ ៦៤ នាក់ របួស ៤៩ នាក់ ងាប់គោក្របី ៨៨ក្បាល និងឆេះផ្ទះ ៩ខ្នង។

ចំណែកខ្យល់កន្ត្រាក់វិញ ក្នុងរយៈពេល ៨ ខែ នៃឆ្នាំ២០២៣ នៅកម្ពុជា បានកើតឡើងចំនួន ២៥០លើក បណ្ដាលឱ្យរលំផ្ទះចំនួន ១ ៩៣០ ខ្នង របើកដំបូល ១២ ៥០១ ខ្នង តូបផ្សារចំនួន ៧៧ តូប សាលារៀនចំនួន ៨៨ ខ្នង អគាររដ្ឋបាល ៣៨ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៥៧ នាក់៕


Share