នាយករដ្ឋមន្រ្តីកម្ពុជា​ចង់ឱ្យសាលារដ្ឋ​ទាំងអស់ក្លាយជាសាលារៀនល្អ

PM Hun Manet with students.jpg

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីជួបជុំអបអរទិវាគ្រូបង្រៀន លើកទី២៦ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

ក្នុងពិធីជួបជុំអបអរទិវាគ្រូបង្រៀន លើកទី២៦ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីមហិច្ឆិតារបស់លោក ក្នុងអាណត្តិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពេលនេះ គឺលោកចង់ឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋម ដល់ថ្នាក់មធ្យមសិក្សា គឺចប់ថ្នាក់ទី១២ សាលារៀនរដ្ឋ នៅកម្ពុជា ក្លាយជាសាលារៀនល្អ អាចទទួលបាន សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។


លោក ហ៊ុន ម៉ាណែត ដែលទទួលការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅអាមេរិក និងអង់គ្លេស បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺត្រូវពង្រឹងវិស័យអប់រំ ជាជាងពង្រីក តាមរយៈការធ្វើឱ្យការអប់រំ នៅសាលារដ្ឋ មានគុណភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានសមត្ថភាព គុណធម៌ សីលធម៌ និងវិន័យឱ្យបានល្អ។

លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា តាមរយៈការសិក្សាលើសាលារដ្ឋជាង ៥០សាលា លោកបានរកឃើញសាលាមួយចំនួន ដែលលោកគ្រូអ្នកគ្រូ មានការច្នៃប្រឌិតខ្ពស់ ក្នុងការអប់រំសិស្សានុសិស្ស បានយ៉ាងល្អ ដោយមិនបាច់មានការចំណាយបន្ថែមនោះទេ ហើយបានក្លាយជាគំរូមួយ សម្រាប់យកទៅអនុវត្តន៍ នៅតាមសាលាផ្សេងៗទៀត។

យ៉ាងណាក៏ដោយ គុណភាពអប់រំនៅកម្ពុជា ត្រូវបានគេមើលឃើញថា នៅមានកម្រិត ពិសេសនៅសាលារៀនសាធារណៈ ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ ទាល់តែនៅសាលារៀនឯកជន ដែលត្រូវបង់ថ្លៃសិក្សាថ្លៃៗ ទើបមានគុណភាពល្អជាង។

សាលារៀនរដ្ឋ មិនសូវមានគុណភាពដូច្នេះ ត្រូវបានគេមើលឃើញថា មកពីកត្តាមួយចំនួន ដូចជា អំពើពុករលួយ គ្រូបង្រៀនប្រាក់ខែតិច គ្រូបង្រៀនខ្លះ នៅមានកម្រិតចំណេះដឹង រួមទាំងការប្រមូលលុយពីសិស្ស នៅម៉ោងសិក្សា ជាដើម។

អាណាព្យាបាលសិស្ស ដែលនៅសាលារដ្ឋ បានលើកឡើងថា សព្វថ្ងៃ គ្រូបង្រៀនគួរក្រៅម៉ោង ដើម្បីបានចំណូលបន្ថែម គឺជាការងារស្នូលរបស់គ្រូ។ បើបំបាត់ករណីគ្រូបង្រៀនគួរក្រៅម៉ោងបាន ទើបប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសិទ្ធភាព។ ក្នុងនោះ គ្រូឥឡូវបង្រៀន នៅសាលារដ្ឋ មិនសូវបង្រៀនប៉ុន្មានទេ តែគាត់បើកបង្រៀនគួរច្រើនជាង ព្រោះគាត់រកលុយក្រៅ ហើយអាណាព្យាបាល និងម្តាយឪពុក ត្រូវចំណាយច្រើនលើកូនរៀនគួរក្នុងមួយថ្ងៃៗ។

ក្រៅពីនេះ នៅថ្នាក់បឋមសិក្សា នៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជនតាមបណ្តាខេត្តមួយចំនួន គ្រូបង្រៀន ក៏បានប្រមូលលុយសិស្ស និងលុយថ្លៃប្រឡងប្រចាំថ្ងៃផងដែរ។

បើនៅសាលារៀនឯកជនចំណេះទូទៅ ចាប់ពីមតេយ្យ ដល់ថ្នាក់មធ្យមសិក្សា ក៏មានច្រើនដែរ នៅប្រទេសកម្ពុជា។ នៅសាលារៀនឯកជន ឪពុកម្តាយ អាណាព្យាបាល ត្រូវបង់ថ្លៃច្រើនជាងសាលារៀនរដ្ឋ។ តែនៅសាលារៀនឯកជន មានគុណភាព និងអាចទុកចិត្តបាន ជាងនៅសាលារៀនរដ្ឋ។

សូមរម្លឹកថា កម្ពុជា បានប្រារព្ធទិវាគ្រូបង្រៀន ថ្ងៃទី៥តុលា រៀងរាល់ឆ្នាំ ដើម្បីបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ៕



Share