លទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា

Election center in Phnom Penh.jpg

ការបោះឆ្នោតជ្រើសរើសព្រឹទ្ធិសភា នៅប្រទេសកម្ពុជា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៥ ខែមីនា បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។


បើតាមលទ្ធផលផ្លូវការរបស់គ.ជ.ប ក្នុងចំណោមគណបក្ស ចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា ចំនួន ៤គណបក្ស គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនជាងគេ រហូតដល់ទៅ ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ។ ចំណែកគណបក្ស ២ផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈ នៅព្រឹទ្ធសភា នាអាណត្តិថ្មីនេះទេ។

លទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភា ដែលគជប ប្រកាសនាថ្ងៃទី៥មីនានេះ គឺមិនខុសពីអ្វី ដែលគណបក្សប្រជាជនកម្ពុជា បានប្រកាសភ្លាមៗ ក្រោយបញ្ចប់ការបោះឆ្នោតព្រឹទ្ធសភា ដែលជាការបោះឆ្នោត តាមបែបអសកល ដែលបានតែអ្នកតំណាងរាស្ត្រ ១២៥រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ១១៦២២រូប ជាអ្នកបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នោះទេ។

( សំឡេងគ.ជ.ប )

ភ្លាមៗ នៅថ្ងៃទី៥ ខែមីនា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត និងប្រកាសប្តេជ្ញាយ៉ាងមុតមាំ ក្នុងសេចក្តីថ្លែងការណ៍ថា ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន នឹងបន្តនូវបេសកកម្ម ជាប្រវត្តិសាស្ត្ររបស់ព្រឹទ្ធសភា នីតិកាលទី៤ ក្នុងស្មារតីគោរពយ៉ាងម៉ឹងម៉ាត់ តាមរដ្ឋធម្មនុញ្ញ ដើម្បីបំពេញរាល់មុខងាររបស់ព្រឹទ្ធសភា ប្រកបដោយប្រសិទ្ធភាព គឺមុខងារនីតិកម្ម មុខងារតំណាង មុខងារតាមដានការអនុវត្តច្បាប់ មុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន ព្រមទាំងពង្រឹងការផ្សារភ្ជាប់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ចំណែកគណបក្សឆន្ទៈខ្មែរ ដែលជាប់ឆ្នោតបាន ៣អាសនៈ នៅព្រឹទ្ធសភា អាណត្តិថ្មីនេះ តាមរយៈលោក គង់ ម៉ូនីកា ដែលបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ក្នុងមណ្ឌលភូមិភាគទី៦ បានទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ។ តែលោក បានសម្តែងនូវការសោកស្តាយ ដែលគណបក្សប្រឆាំងនេះ មិនទទួលបានលទ្ធផល ដូចការរំពឹងទុក ដោយសារតែបាត់បង់សំឡេងឆ្នោតមួយចំនួន។

( លោក គង់ ម៉ូនីកា និងលោក សេង ម៉ារឌី )

ក្នុងបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគ.ជ.ប បានប្រកាស កាលពីថ្ងៃទី៥មីនា បង្ហាញថា លោក ហ៊ុន សែន បានជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ លំដាប់លេខរៀងទី១ នៅភូមិភាគទី៣។ ដូច្នេះបើតាមគម្រោង លោក ហ៊ុន សែន នឹងក្លាយជាប្រធានព្រឹទ្ធសភា អាណត្តិថ្មី នៅក្នុងមីនានេះ។

យ៉ាងណាក៏ដោយ គណបក្សប្រឆាំងនៅកម្ពុជា នៅតែបន្តបែកបាក់សំឡេង ដោយសារតែគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ នៅតែបន្តដណ្តើមសំឡេងពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ នៅឆ្នាំ២០២៤ នេះ។

គណបក្សភ្លើងទៀន ដែលជាអតីតគណបក្សសមរង្ស៊ី មិនអាចឈរឈ្មោះ ចូលរួមប្រកួតប្រជែងការបោះឆ្នោតបានទេ ដោយសារតែបាត់លិខិតដើម នៃការអនុញ្ញាតបង្កើតគណបក្ស។ ដូច្នេះហើយ បានជាគណបក្សភ្លើងទៀន សម្រេចឈរឈ្មោះបោះឆ្នោត នៅក្នុងគណបក្សឆន្ទៈខ្មែរ។ ប៉ុន្តែក្រុមអ្នកស្និទ្ធនឹងលោកសមរង្ស៊ី ដោយមានទាំងមេដឹកនាំសហជីពកម្មករ លោក ជា មុនី និងលោក រ៉ុង ឈុន ដែលជាប្រធានសមាគមគ្រូបង្រៀនផង បានទៅបង្កើតគណបក្សថ្មីមួយទៀត ឈ្មោះគណបក្សកម្លាំងជាតិ ដើម្បីប្រជែង និងដណ្តើមសំឡេងឆ្នោតពីគណបក្សឆន្ទៈខ្មែរ នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងនោះ ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ នាខែឧសភា ឆ្នាំ២០២៤ នេះ ក៏គណបក្សកម្លាំងជាតិ បានចូលរួមប្រកួតប្រជែងការបោះឆ្នោត ដើម្បីដណ្តើមសំឡេងឆ្នោតពីគណបក្សឆន្ទៈខ្មែរ តាមរយៈអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន ជាង ២ពាន់នាក់ផងដែរ៕


Share