ដំណើរការចុះឈ្មោះអ្នកបោះឆ្នោតព្រឹទ្ធសភា នៅរដ្ឋសភា កាលពីថ្ងៃទី១៨តុលា ត្រូវបានអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់យ៉ាងដូច្នេះថា៖
( សំឡេង )
ការបោះឆ្នោតព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដោយមានតែអ្នកតំណាងរាស្ត្រ ក្នុងតំណែង ចំនួន ១២៥រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ១១៦២២នាក់ ប៉ុណ្ណោះ ជាអ្នកបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន ៥៨រូប។ ដោយឡែកសមាជិកព្រឹទ្ធសភា ២រូបទៀត តែងតាំងពីព្រះមហាក្សត្រ និង ២រូប ជ្រើសតាំងពីរដ្ឋសភា។
សូមរម្លឹកថា អ្នកតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានចំនួន ១២៥រូប តាមរយៈការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២៣ គឺមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ១២០រូប និង ៥រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច។
ដោយឡែក ក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ១១៦២២នាក់ ដែលតាមរយៈការបោះឆ្នោត កាលពីខែមិថុនា ឆ្នាំ២០២២ គឺមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ៩៣៧៦នាក់។ គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះមកពីគណបក្សសមរង្ស៊ី ចំនួន ២១៩៨នាក់។ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ១៩នាក់។ គណបក្សខ្មែររួបរួមជាតិ ចំនួន ១៣នាក់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន ៦នាក់។ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ៥នាក់។ គណបក្សយុវជនកម្ពុជា ចំនួន ៣នាក់។ គណបក្សកម្ពុជានិយម ចំនួនម្នាក់ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ម្នាក់។
យ៉ាងណាក៏ដោយ សម្រាប់គណបក្សភ្លើងទៀន គឺនឹងមិនអាចឈរឈ្មោះ ចូលរួមការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤ ដូចការបោះឆ្នោតរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ២០២៣ ដែរ។ មូលហេតុ ដោយសារតែគណបក្សប្រឆាំងនេះ មិនមានឯកសារដើម នៃការចុះឈ្មោះគណបក្ស នៅក្រសួងមហាផ្ទៃ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ គណបក្សភ្លើងទៀន បានចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយមួយចំនួន ដែលបំបែកចេញពីអតីតគណបក្សសង្គ្រោះជាតិ។ ការរួបរួមនេះ គេរំពឹងថា ធ្វើឡើង សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសំឡេងរបស់បក្សប្រឆាំង មាននៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
គ.ជ.ប បានកំណត់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣៕