ការដាក់ចេញនូវបទបញ្ជាបែបនេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ប្រកាសថា ជាវិធានការយកចកចេញពីបឹង ហើយដាក់របាំង មិនឱ្យចកនោះ ចូលក្នុងបឹងវិញឡើយ។
( សំឡេង )
ជាមួយនឹងវិធានការម៉ឺងម៉ាត់ដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសជាថ្មីទៀត ពីការសម្រេចរបស់លោក មិនអនុញ្ញាតឱ្យមានច្បាប់ដាំកញ្ឆា នៅក្នុងប្រទេសកម្ពុជាឡើយ។
( សំឡេង )
ជាមួយនឹងសេចក្តីប្រកាសផ្ទាល់មាត់ខាងលើនេះ លោក ហ៊ុន ម៉ាណែត កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ក៏បានចេញបទបញ្ជាដាច់ខាត ជាលាយលក្ខណ៍អក្សរ ដោយកំណត់ថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
ក្នុងបទបញ្ជាដដែល បានបន្ថែមថា ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។
សូមរម្លឹកថា នៅពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្តពីឪពុក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ប្រឆាំងគ្រឿងញៀន ជាពិសេសលើកងកម្លាំងប្រដាប់អាវុធ ក្នុងយុទ្ធនាការសម្អាតផ្ទះរបស់យើង។ ក្នុងនោះ មានទាហាន និងប៉ូលិសជាច្រើននាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ក្រោយរកឃើញ ជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ កន្លងទៅ អាជ្ញាធរសមត្ថកិច្ចកម្ពុជា បានបង្រ្កាបបទល្មើសគ្រឿងញៀន សរុបចំនួន ៨០៦៣ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០០០២ នាក់។ ចាប់បានគ្រឿងញៀនជិត ៣តោន។ រឹបអូសសារធាតុគីមីផ្សំ បាន ១តោន និង៤៦៩គីឡូក្រាម។ ដុតកម្ទេច និងបន្សាបគ្រឿងញៀន និងសារធាតុពាក់ព័ន្ធ បានជាង ៣៤៧តោន និង ១២០៧គ្រាប់៕