អាជ្ញាធរកម្ពុជារឹបអូសគ្រឿងញៀន​ឆ្លងដែនបាន​ជិត​៣តោន

Drugs arrest in Cambodia.jpg

អាជ្ញាធរកម្ពុជាចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន និងរឹបអូសបានគ្រឿងញៀនរាប់តោន

ប៉ូលិស បានចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៥នាក់ ជាជនជាតិ ចិនតៃវ៉ាន់ និងហ្វីលីពីន ដោយរឹបអូសគ្រឿងញៀនជាង ១តោនកន្លះ (១.៥៦៦គីឡូក្រាម) កាលពីម៉ោងជាង ៣រំលងអាធ្រាត្រថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ ក្រុមឧក្រិដ្ឋជន បានដឹកគ្រឿងញៀន តាមសមុទ្រ ចូលមកខេត្តព្រះសីហនុ។ ថ្នាំញៀន ដែលបង្ក្រាបបានទាំងនោះ ជាប្រភេទកេតតាមីន និងមេតំហ្វេតាមី។


ប៉ូលិស បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀន បានវេចខ្ចប់ម្សៅពណ៌ស ដែលសង្ស័យជាសារធាតុញៀន ចំនួន ៦៧ការ៉ុង ដែលមានទំងន់សរុបចំនួន ១.៥៦៦គីឡូក្រាម(បឋម) ដឹកតាមទូកនេសាទ។ ក្នុងនោះ ក៏មានទឹកថ្នាំដបពណ៌ខ្មៅ សង្ស័យជាសារធាតុញៀន ចំនួន ០៩ដប ផងដែរ។

ជនសង្ស័យទាំង ០៥នាក់ ជាជនជាតិចិន និងហ្វីលីពីន ត្រូវបានប៉ូលិសការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ប្រគល់អោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធី ដោយបញ្ជូនជនទាំងនោះ ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ដោយឡែក កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែនបានជាង ១តោន នៅខេត្តព្រះវិហារ។ គ្រឿងញៀនជាង ១តោននោះ ត្រូវបានក្រុមឧក្រិដ្ឋជន នាំឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា។

យោងតាមព័ត៌មាន គ្រឿងញៀនទាំងនោះ ប្រភេទម៉ាទឹកកក ១០២០ដុំ ទម្ងន់ប្រមាណជាង ១តោន ត្រូវបានឧក្រិដ្ឋជន ដឹកតាមរថយន្ត Pick Up ម៉ាក ម៉ាស្តា មួយគ្រឿង នាំចេញពីប្រទេសឡាវ ឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងៗ។

កងកម្លាំងអាវុធហត្ថ ខេត្តព្រះវិហារ បានបើកការស៊ើបអង្កេត ដោយសហការជាមួយកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង ដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនបន្ថែមទៀត៕


Share