ក្មេងស្រីរងគ្រោះរូបនេះ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ ត្រូវបានគេជួញដូរ ពីកម្ពុជា យកទៅលក់នៅប្រទេសចិន ដោយបង្ខាំងនាង ឱ្យនៅតែក្នុងបន្ទប់ អស់រយៈពេល ៦ខែមកហើយ។
ក្មេងស្រីរងគ្រោះ បានរៀបរាប់ ក្នុងខ្លីបវិដេអូ បង្ហោះក្នុងហ្វេសប៊ុក កាលពីថ្ងៃទី៩មីនា ឆ្នាំ២០២៤ ដោយលើកឡើងថា នាងបានចាញ់បោកគេ ដោយត្រូវមេខ្យល់ លួងលោម យកនាងទៅធ្វើការ នៅប្រទេសចិន។ ប៉ុន្តែទៅដល់ប្រទេសចិន នាងត្រូវបានគេយកទៅលក់ ហើយបង្ខំឱ្យយកប្តីចិន និងចាប់នាងឃុំ ក្នុងបន្ទប់ ៦ខែហើយ។
( សំឡេង )
ករណីនេះ ជារឿងថ្មីមួយទៀត ដែលស្ត្រីខ្មែរ ពិសេសក្មេងស្រី នៅតាមបណ្តាខេត្ត តំបន់ជនបទ ត្រូវបានគេលួងលោម ទៅរៀបការប្តីបរទេស ពិសេសប្តីជាជនជាតិចិន ហើយត្រូវបានគេលក់ និងទទួលរងនូវការធ្វើបាបគ្រប់បែបយ៉ាង។
ប៉ុន្តែករណីស្ត្រីខ្មែររៀបការប្តីបរទេសនេះ ក៏មានភាគច្រើន មានសុភមង្គលដែរ បើសិនជាករណីស្របច្បាប់ ដោយមានការដឹងលឺ និងទទួលស្គាល់ពីរាជរដ្ឋាភិបាលប្រទេសសាម៉ីទាំងពីរ។
កន្លងមក អាជ្ញាធរសមត្ថកិច្ចកម្ពុជា បានសហការជាមួយអាជ្ញាធរសមត្ថកិច្ចប្រទេសនានា បានជួយសង្គ្រោះជនរងគ្រោះបានច្រើននាក់ផងដែរ ពីការជួញដូរផ្លូវភេទ និងជួញដូរកម្លាំងពលកម្ម នៅបរទេស ហើយបញ្ជូនត្រឡប់មកកម្ពុជាវិញ ជាបន្តបន្ទាប់ផងដែរ៕