ក្រសួងមហាផ្ទៃកម្ពុជា បណ្តេញមន្ត្រីពន្ធនាគារ៥នាក់ចេញពីក្របខណ្ឌ ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន

Interior Minister Sar Sokha.jpg

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញមន្ត្រីពន្ធនាគារ ៥នាក់ ចេញពីក្របខណ្ឌនគរបាលក្រសួងមហាផ្ទៃ ក្រោយរកឃើញថា មន្ត្រីពន្ធនាគារទំាង ៥ នាក់នោះ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។


ក្នុងប្រកាស ស្តីពី ការលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី១៨ ខែមករានេះ បានបង្ហាញមូលហេតុនៃការបណ្តេញមន្ត្រីពន្ធនាគារទាំង ៥នាក់ ចេញពីក្របខណ្ឌ គឺដោយមូលហេតុប្រើប្រាស់សារធាតុគ្រឿងញៀន។

មន្ត្រីពន្ធនាគារ ៥នាក់ ដែលត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការក្រសួងមហាផ្ទៃ នាពេលនេះ បម្រើការងារនៅពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១ ក្នុងរាជធានីភ្នំពេញ ជាមន្ត្រីនៃពន្ធនាគារខេត្តកណ្តាល និងមន្ត្រីនៃពន្ធនាគារ ខេត្តបន្ទាយមានជ័យ។

គិតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញកងកម្លាំងនគរបាលជាតិ ជាង ៧០នាក់ហើយ ចេញពីក្របខណ្ឌ។ ក្នុងចំណោមនគរបាលជាង ៧០នាក់នោះ គឺមានជាង ៤០នាក់ ត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយសារ ប្រើប្រាស់សារធាតុញៀន។

ក្រសួងមហាផ្ទៃ ក៏បានសម្រេចដកមុខតំណែង និងបន្ថយឋាននន្តរស័ក្តិប៉ូលិស ៩នាក់ ដោយសារតែល្មើសនឹងវិន័យកងកម្លាំង៕


Share