ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់ពីប្រទេសជប៉ុន មកដល់ភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ លោក សូ ណារ៉ូ និងលោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានភារកិច្ច ធ្វើសន្និសីទកាសែត បង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ប្រាប់ទៅក្រុមអ្នកកាសែត។
ក្នុងសន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឆ្លើយនឹងសំណួរអ្នកកាសែតពីបាតុកម្មតវ៉ាប្រឆាំង នៅជប៉ុន ថា តាមរយៈរូបថត គឺយើងឃើញថា ចំនួនអ្នកតវ៉ាប្រឆាំងនេះ មានប្រមាណតែ ១០០នាក់ទេ ហើយអ្នកមកគាំទ្រលោក ហ៊ុន ម៉ាណែត គឺមានច្រើនជាង រហូតដល់ប្រមាណ ២ពាន់នាក់។
( សំឡេង )
លោក សូ ណារ៉ូ បានលើកឡើងថា ក្រុមអ្នកតវ៉ាប្រឆាំង ដែលធ្វើបាតុកម្ម នៅជប៉ុននេះ បរាជ័យ ៣យ៉ាង គឺទី១-លើប្រធានបទ គេលើកឡើងថា មិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលពួកគេថា ជារដ្ឋាភិបាលខុសច្បាប់។ ទី២-ទាមទារកុំឱ្យជប៉ុន ទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា និងទី៣- មិនឱ្យជប៉ុន ទទួលស្គាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។
ប៉ុន្តែលោក សូ ណារ៉ូ បន្តថា ពួកគេភ្លេចថា ការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣ គឺមានប្រជាពលរដ្ឋ ៨២,៣% បានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ និយាយឱ្យស្រួលយល់ ក្នុងចំណោម ១០០០នាក់ បានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ៨២៣នាក់ហើយ។ ដូច្នេះនៅសល់តែ ១៧,៧%ទេ ដែលមិនបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ តែក្នុង ១៧,៧% នេះ គឺពាក់កណ្តាលជាងហើយ បានបោះឆ្នោតគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច។ ដូច្នេះក្រុមប្រឆាំង មានប្រមាណតែ ៧០ម៉ឺននាក់ប៉ុណ្ណឹងទេ។
លោក សូ ណារ៉ូ ដែលជាអតីតអ្នកប្រឆាំងមួយរូប នៅអាមេរិក ក៏បានលើកឡើងបន្តថា ប្រធានទី១ ដែលប្រកាសថា ពួកគេមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា គឺមិនមានអ្វីថ្មីទេ ព្រោះពួកគេ មិនដែលគាំទ្រគណបក្សប្រជាជនកម្ពុជាឡើយ កន្លងមក។ តែការទាមទារឱ្យជប៉ុន កុំទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាបរាជ័យ និងជាការយល់ខុសរបស់ក្រុមប្រឆាំង។ ព្រោះថា នៅពេលសម្តេចធិបតី ទៅដល់ជប៉ុន គឺសម្តេច ចុះពីយន្តហោះ ដើរលើកម្រាលព្រំពណ៌ក្រហម ដែលជប៉ុន រៀបចំទទួលស្វាគមន៍។ នៅក្នុងកិច្ចប្រជុំអាស៊ាន-ជប៉ុនវិញ ក៏សម្តេចធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីនាយករដ្ឋមន្ត្រីជប៉ុន ហើយចូលរួម ដោយស្មើមុខស្មើមាត់ ជាមួយមេដឹកនាំជប៉ុន និងអាស៊ានដទៃទៀត។
លោក សូ ណារ៉ូ បញ្ជាក់ថា «បើសិនជារបបមួយមិនស្របច្បាប់ ជប៉ុនក៏មិនអញ្ជើញដែរ។ ជប៉ុន ទុកកៅអីមេដឹកនាំអាស៊ាន ១ នៅទំនេរ ( មីយ៉ាន់ម៉ា )។ ដូច្នេះបើរាជរដ្ឋាភិបាលកម្ពុជា មិនស្របច្បាប់ ក៏ជប៉ុន មិនអញ្ជើញឱ្យទៅចូលរួមទេ ហើយនឹងទុកកៅអី ទំនេរ ដូចប្រទេសអាស៊ាន ១ នោះដែរ»។
ជាមួយគ្នានេះ លោក សូ ណារ៉ូ ក៏បានបន្ថែមថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីជប៉ុន បានជួបចរចាទ្វេភាគី ទល់មុខគ្នា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយជប៉ុនមានអ្វី កម្ពុជាក៏មាននោះ គឺស្មើភាព និងស្មើសិទ្ធិគ្នាទៀត។ ដូច្នេះនេះគឺជាការទទួលស្គាល់ ( រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ) តាមកម្រិតខ្ពស់បំផុតមួយ ដែលនាយករដ្ឋមន្ត្រី តំណាងរដ្ឋាភិបាលជប៉ុន។
លោក សូ ណារ៉ូ ក៏បានបញ្ជាក់បន្ថែមថា នៅប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលគាល់ព្រះចៅអធិរាជជប៉ុន ដែលជាប្រមុខរដ្ឋជប៉ុនថែមទៀត។ នេះគឺជាការទទួលស្គាល់របស់ជប៉ុន មិនត្រឹមតែកម្រិតរដ្ឋាភិបាលទេ គឺដល់ប្រមុខរដ្ឋជប៉ុនថែមទៀត។
ចំពោះបរាជ័យរបស់ក្រុមប្រឆាំង ក្នុងការប្រមូលតវ៉ា ដែលមានចំនួនតិចទៅៗនេះ ត្រូវបានលោក សូ ណារ៉ូ លើកឡើងថា ដោយសារតែប្រជាពលរដ្ឋ បាត់បង់ជំនឿលើពួកគេ ដែលពួកគេធ្វើនយោបាយផ្សងព្រេង និងធ្វើនយោបាយជ្រុលនិយម។ ក្នុងនោះ មេដឹកនាំជ្រុលនិយម ដែលដឹកនាំធ្វើបាតុកម្ម នៅជប៉ុន ពេលនេះ មានសាលក្រម ២ ដែលត្រូវបានតុលាការ ផ្តន្ទាទោស កាលពីឆ្នាំ២០២២ គឺជាប់ទោសពីបទជេរប្រមាថព្រះមហាក្សត្រ ដែលតុលាការ សម្រេចផ្តន្ទាទោស ៣ឆ្នាំ និងទី២ ការញុះញង់ ក្នុងចលនា ៩វិច្ឆិកា ឱ្យកងកម្លាំងបែរកាណុង និងចាប់សម្តេច ហ៊ុន សែន។ ករណីនេះ សូម្បីនៅអាមេរិក ក៏គេតាមចាប់ដល់ផ្ទះដែរ បើសិនជាអំពាវនាវឱ្យផ្តួលរំលំ ចូបៃដិន។
លោក សូ ណារ៉ូ ក៏បានអំពាវនាវដល់បងប្អូនខ្មែរមួយចំនួន កុំឱ្យពាក់ព័ន្ធនឹងជនជ្រុលនិយមនេះ ដើម្បីកុំឱ្យមានទោស ដោយសារតែជនជ្រុលនិយមនោះ ពេលនេះ គឺជាទណ្ឌិត ពាក់ព័ន្ធសំណុំរឿង នៅតុលាការ។ ពេលនេះ គាត់មានសំណាង ដោយសារតែកម្ពុជា-ជប៉ុន មិនទាន់មានកិច្ចព្រមព្រៀងបច្ចាប័ន ក្នុងការដោះដូរអ្នកទោស។ ដូច្នេះជនជ្រុលនិយមនោះ មិនត្រូវបានចាប់ខ្លួន នៅទឹកដីជប៉ុន ដើម្បីបញ្ជូនមកកម្ពុជានោះទេ៕