រដ្ឋាភិបាល​កម្ពុជា​ប្រកាសថា ពលរដ្ឋខ្មែរ​ទាំង​ជាង​៤០០នាក់​នៅ​អ៊ីស្រាអែល​មានសុវត្ថិភាព

ក្រុមនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល.jpg

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី១០ ខែតុលាថា ពលរដ្ឋខ្មែរទំាងជាង ៤០០នាក់ នៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពទំាងអស់។ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា តាមរយៈកិច្ចសហការជាមួយអាជ្ញាធរអ៊ីស្រាអែល រាជរដ្ឋាភិបាល បានជម្លៀសនិស្សិតខ្មែរ ៣២៣នាក់ ក្នុងចំណោម ៤៥៤នាក់ ទៅកាន់តំបន់មានសុវត្ថិភាពពីការផ្ទុះអាវុធដាក់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ ការវាយប្រហារនោះ បានបណ្តាលឱ្យស្លាប់ និងរបួសជាច្រើននាក់ ហើយក្នុងនោះ មានយុវនិស្សិតខ្មែរយើងម្នាក់ គឺលោក ចាន់ ឧត្តម អាយុ ២៤ឆ្នាំ ជានិស្សិតផ្នែកកសិកម្ម បានស្លាប់ កាលពីថ្ងៃទី៧តុលា។


លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តយកចិត្តទុកដាក់តាមដានដាក់ចេញវិធាននានាបន្តទៀត សំដៅការពារ និងសង្គ្រោះជីវិតពលរដ្ឋខ្មែរ នៅអ៊ីស្រាអែល ក្នុងនោះ ក៏រាប់បញ្ចូលនូវនិស្សិតខ្មែរ ១៣១នាក់ទៀត ដែលកំពុងស្ថិតនៅក្នុងតំបន់ហានិភ័យផងដែរ។

ក្រៅពីលើកឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” នៅថ្ងៃទី១០ ខែតុលា លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ក្នុងសារជាសំឡេង ជូនជនរួមជាតិថា «ប្រជាពលរដ្ឋ និងនិស្សិតខ្មែរយើង នៅអ៊ីស្រាអែល មានចំនួនសរុប ៤៥៤នាក់ បូករួមទាំងសាកសពនិស្សិតខ្មែរយើងម្នាក់។ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១០តុលា ប្រជាពលរដ្ឋ និងនិស្សិតខ្មែរទាំង ៤៥៤នាក់ ត្រូវបានទាក់ទងបានទាំងអស់ និងមានសុវត្ថិភាពទំាងអស់»។

បើតាមលោកនាយករដ្ឋមន្ត្រី សុវត្ថិភាពពលរដ្ឋខ្មែរ នៅអ៊ីស្រាអែល គឺជាកិច្ចការអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវតាមដាន និងយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃ។

( សំឡេង )

ជាមួយគ្នានេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១០តុលា បានប្រកាសពីបច្ចុប្បន្នភាព ស្តីពី ស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល សម្រាប់ថ្ងៃទី១០ តុលា ឆ្នាំ២០២៣។ នោះគឺលោក បញ្ជាក់ថា ស្ថានការណ៍នៅអ៊ីស្រាអែល មានភាពស្ងប់ស្ងាត់ ខណៈនិស្សិតខ្មែរទាំងអស់ មានសុវត្ថិភាព។

លោក ប៉ែន បូណា បន្ថែមថា តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះ កងទ័ពអ៊ីស្រាអែល គ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយ ដោយគ្មានវត្តមានភេវរជនណាម្នាក់ អាចជ្រៀតចូល តាមរបង មកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែល ក៏បានត្រៀមជើងការបានយ៉ាងល្អ ដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។

លោក ប៉ែន បូណា បន្តថា និស្សិតខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ក៏បានអះអាងដែរថា ពេលនេះ ស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារ សម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។

រាជរដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យ ក៏បានប្រកាស អំពាវនាវដោយទទូចដល់សិស្ស និស្សិត ទាំងអស់ នៅក្នុងប្រទេសអ៊ីស្រាអែល សូមគោរពតាមការណែនាំរបស់អាជ្ញាធរដែនដី ដើម្បីសុវត្ថិភាពរបស់បងប្អូន និងសូមក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា ស្ងប់ចិត្ត ចំពោះស្ថានការណ៍នេះ ពីព្រោះរាជរដ្ឋាភិបាល ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រមុខ ចាត់ទុកសុវត្ថិភាពរបស់សិស្សនិស្សិតខ្មែរទាំងអស់ ជាអាទិភាពខ្ពស់បំផុត៕



Share