កម្ពុជា​ប្រកាសផ្អាកការនាំចូល​គ្រឿង​ក្នុង​សត្វ និង​សាច់បង្កក​រយៈពេល​៦ខែ

Frozen Buffalo meats imported to Cambodia from India with Covid-19

សាច់ក្របីកកនាំចូលមកពីប្រទេសឥណ្ឌា Credit: Meng Phalla

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀល ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្ន ក្នុងការនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កកគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែ គិតចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ។


ការសម្រេចដូច្នេះ ត្រូវបានលោករដ្ឋមន្ត្រីកសិកម្ម ប្រកាសថា ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនអ្នកចិញ្ចឹមសត្វ ក្នុងស្រុក។

ចំពោះការផ្អាកការនាំចូលសាច់បង្កករយៈពេលខ្លីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា ដើម្បីជួយដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ហើយអ្នកទិញលក់សាច់បង្កក អាចបង្វែរពីការនាំចូលពីក្រៅប្រទេស មកជាការទិញសាច់គ្រឿងក្នុង និងសាច់សម្រាប់បង្កក នៅក្នុងប្រទេស ដើម្បីបង្កក តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ពិសេសសត្វជ្រូក មាន់ទា ត្រូវបង្កើនការផលិត បើមិនបាននាំចេញទេ ក៏សុំឱ្យតែបំពេញតម្រូវការក្នុងស្រុក និងមានការប្រកួតប្រជែង ព្រោះថា យើងមិនអាចហាមឃាត់ការនាំចូលពីក្រៅប្រទេសជារៀងរហូតបានទេ។

លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

នៅក្នុងពិធីបិទសន្និបាតក្រសួងកសិកម្មនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ និងរំលោភយកដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប ធ្វើជាកម្មសិទ្ធិ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេ នៅលើពិភពលោក គឺជាផលប្រយោជន៍ សម្រាប់អ្នកជំនាន់ក្រោយ និងមានតម្លៃយ៉ាងធំធេង។

លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់អភិបាលខេត្តទាំង ៦ខេត្ត នៅជាប់បឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាប នៅតំបន់៣ ដែលជាតំបន់ព្រៃលិចទឹក ជាជម្រកត្រីពងកូននេះ។

( សំឡេង )

សូមរម្លឹកថា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន ដែលកាលណោះ នៅជានាយករដ្ឋមន្ត្រី បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត ជាប់បឹងទន្លេសាប ធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ចំពោះការលួចកាប់ទន្ទ្រានព្រៃលិចទឹក និងវាតទី យកដីនៅតាមបឹងទន្លេសាប។

ការចេញបញ្ជានោះ ធ្វើឡើង បន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត សុខ ទូច បានចុះស្រាវជ្រាវរកឃើញពីការរំលោភបំពានដីព្រៃលិចទឹករាប់ម៉ឺនហិកតាយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ នៅជុំវិញបឹងទន្លេសាប។

ក្នុងប្រតិបត្តិការរំដោះដីបឹងទន្លេសាប កាលណោះ គឺយ៉ាងហោចណាស់ មានផ្ទៃដីព្រៃលិចទឹកស្ថិតក្នុងតំបន់ ៣ ដែលជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ រាប់ម៉ឺនហិកតា ត្រូវបានរំលោភបំពាន និងត្រូវបានដកហូតត្រឡប់មកវិញ ដើម្បីយកមករក្សាទុកជាសម្បត្តិរបស់រដ្ឋ។ ក្នុងនោះ ក៏មានមន្ត្រី និងស្នងការរងខេត្តមួយចំនួន ត្រូវបានចាប់ឃុំខ្លួនផងដែរ។

យុទ្ធនាការ កាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២១ មកដល់ពេលនេះ មិនទាន់បិទបញ្ចប់ទេ តែបានស្ងប់ស្ងាត់មួយរយៈធំ។ ទើបតែពេលនេះ លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលខេត្ត ទាំង ៦ និងអន្តរក្រសួង ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សើរើឡើងវិញ និងកំណត់ឱ្យបានច្បាស់លាស់ដីអភិរក្សបឹងទន្លេសាប ព្រមទាំងរៀបចំចុះបញ្ជីជាប្រព័ន្ធ កំណត់ព្រំដី នៅតំបន់ ១ តំបន់ ២ និងតំបន់ ៣ នៅជុំវិញបឹងទន្លេសាប៕

 


Share