តាមរយៈរូបភាព ដែលបានផ្សព្វផ្សាយ នៅក្នុងកិច្ចប្រជុំនេះ បង្ហាញថា សមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី អាណត្តិទី៧ ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺមានឧបនាយករដ្ឋមន្ត្រី ១០រូប ទេសរដ្ឋមន្ត្រី ១១រូប និងរដ្ឋមន្ត្រី ៣០រូប។
ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីទាំង ១០រូប គឺមានលោក អូន ព័ន្ធមុនីរ័ត្ន ម្នាក់គត់ ដែលជាឧបនាយករដ្ឋមន្ត្រី កាលពីអាណត្តិចាស់ ជំនាន់ឪពុករបស់លោក ហ៊ុន ម៉ាណែត។
រីឯទេសរដ្ឋមន្ត្រី ១១រូប គឺមានទេសរដ្ឋមន្ត្រី ក្នុងអាណត្តិចាស់ ៦រូប រួមមាន៖ លោក គន់ គីម លោក ហូ សិទ្ធី លោក ឱម យ៉ិនទៀង លោក អៀង ម៉ូលី លោក អូស្មាន ហាស្សាន់ និងលោក លី ធុជ។
ចំណែករដ្ឋមន្ត្រីទាំង ៣០រូប គឺមានរដ្ឋមន្ត្រី នៅអាណត្តិចាស់ ចំនួន ៨រូប រួមមាន៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្រៅពីនោះ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត គឺជាអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ដែលភាគច្រើនជាកូនរបស់ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងនោះ មានវ័យជាង ៤០ឆ្នាំ ដំណាលគ្នានឹងលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាដែរ។
យ៉ាងណាក៏ដោយ គណៈរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត ដែលមានសមាសភាព ៥២រូបនេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីប្រជុំបោះឆ្នោតអនុម័តជាកញ្ចប់ ជាមួយនឹងក្បាលម៉ាស៊ីន ដែលជាថ្នាក់ដឹកនាំរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ក្បាលម៉ាស៊ីនថ្មីរបស់រដ្ឋសភា ត្រូវបានលោក ហ៊ុន សែន ប្រកាស កាលពីយប់ថ្ងៃទី៩ ខែសីហាថា លោកស្រី ឃួន សុដារី សព្វថ្ងៃ ជាអនុប្រធានទី២ រដ្ឋសភា នឹងត្រូវឡើងកាន់តំណែងជាប្រធានរដ្ឋសភាថ្មី។ រីឯលោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា សព្វថ្ងៃ នៅបន្តជាអនុប្រធានទី១ រដ្ឋសភាថ្មី ហើយលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សព្វថ្ងៃ ដែលជាកូនប្រសាររបស់លោក ហេង សំរិន ប្រធានរដ្ឋសភា អាណត្តិចាស់ នឹងក្លាយជាអនុប្រធានទី២ នៃរដ្ឋសភាថ្មី។
ការបែងចែកតួនាទីនោះ គឺមិនមានតំណែងរបស់លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានោះទេ។ ចំណុចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនមានទម្លាប់ឈ្លោះទាស់ទែងគ្នា ដើម្បីដណ្តើមតំណែងឡើយ។
លោក ហ៊ុន សែន៖ ( សំឡេង )
ជាមួយនឹងការលើកឡើងខាងលើ លោក ហ៊ុន សែន ក៏បានប្រកាសក្នុងពិធីសំណេះសំណាល ជាមួយសមាជិករាជរដ្ឋាភិបាល អាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីល្ងាចថ្ងៃទី១០សីហាថា យើងនឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្ត្រីថ្មី ដែលជាយុវជនវ័យក្មេង ក្នុងរយៈពេល ១០០ថ្ងៃដំបូង បន្ទាប់ពីការបង្កើតឡើងនូវរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ថាតើយុវជនរបស់យើង បានធ្វើសកម្មភាពអ្វីខ្លះ? ដោះស្រាយនូវរាល់បញ្ហាប្រឈមអ្វីខ្លះ ដែលជាបញ្ហារបស់ប្រទេសជាតិ និងអន្តរជាតិ?។
លោក ហ៊ុន សែន បន្តថា នៅពេលដ៏ខ្លីខាងមុខ យើងនឹងរៀបចំនូវព្រឹត្តិការណ៍ជាតិ ជាច្រើន ដូចជា បុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ។ ប្រសិនបើយុវជនបន្តវេនរបស់យើង ដឹកនាំ និងដោះស្រាយបានជោគជ័យនោះ ក៏ជាការបង្កនូវភាពជឿជាក់របស់ប្រជាជាតិយើងទាំងមូល។
នៅក្រោយពិធីសំណេះសំណាល កាលពីល្ងាចថ្ងៃទី១០សីហា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានលើកឡើងថា «កត្តាសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាប្រៀបឈ្នះពីអតីតកាល ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត គឺកត្តាសាមគ្គី និងឯកភាពផ្ទៃក្នុងគណបក្ស»៕