ករណីចាប់ខ្លួននេះ ត្រូវបានគណបក្សភ្លើងទៀន ចេញសេចក្តីថ្លែងការណ៍ ដោយលើកឡើងថា «ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតអសកល ក្នុងឆ្នាំ២០២៤ នេះ ( ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ថ្ងៃទី២៦ ខែឧសភា ) រឹតែមានភាពអាប់អួរថែមទៀត»។
ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករានេះ បានប្រកាសថា ការចាប់ខ្លួនប្រធានទីស្តីគណបក្សភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ គឺធ្វើឡើង តាមពាក្យបណ្តឹងពីជនរងគ្រោះ ៣នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយរបស់ពួកគាត់ ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។
តាមរយៈការផ្តល់ភស្តុតាងពីសាមីជនរងគ្រោះទាំង ៣រូប ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាកសថា «សមត្ថកិច្ច បានធ្វើកោសល្យវិច័យ ឃើញថា ពិតជាស្នាមមេដៃ និងហត្ថលេខាក្លែងបន្លំ»។
លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ( សំឡេង )
សេចក្តីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា សមត្ថកិច្ច បានឃាត់ខ្លួន ជនឈ្មោះ ខឹម ចាន់វណ្ណៈ បញ្ជូនទៅតុលាការ តាមនីតិវិធី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធ ដល់គម្រាមកំហែង ធ្វើទុក្ខបុកម្នេញលើសកម្មនយោបាយណាមួយឡើយ៕