ករណីអ្នកវិនិយោគ ជាឧកញ៉ា មហាសេដ្ឋី បញ្ញាវន្ត និងប្រជាពលរដ្ឋ ដាក់លុយវិនិយោគ ហើយទទួលបានការប្រាក់ខ្ពស់ និងទិញដីធ្លីនេះ ត្រូវបានក្រុមហ៊ុន CIC ប្រកាសថា ជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។
សេចក្តីបំភ្លឺរបស់ក្រុមហ៊ុន CIC ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក៏បានបង្ហាញថា ក្រុមហ៊ុន នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ ក្រុមហ៊ុន នឹងបន្តធ្វើការដោយអនុលោម ទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា ( ន.ម.ក ) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិន ជាអាទិភាព។
សេចក្តីបំភ្លឺរបស់ក្រុមហ៊ុន CIC ក៏បានលើកឡើងថា វិនិយោគិនមួយភាគធំ បានសហការក្នុងការដោះស្រាយបញ្ហាវិបត្តិរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន CIC ក៏បានប្រកាសអំពាវនាវដល់វិនិយោគិន បន្តចូលរួមក្នុងយន្តការដោះស្រាយបញ្ហានេះ ក្រោមក្របខណ្ឌនៃច្បាប់គម្រោងវិនិយោគរួម ដែលមាននិយ័តករមូលបត្រកម្ពុជា ជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាចឱ្យក្រុមហ៊ុន បញ្ចប់បេសកកម្មក្នុងការវេចខ្ចប់ទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយ សម្រាប់វិនិយោគិន។
នៅថ្ងៃតែមួយ គឺកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញប្រកាសព័ត៌មានមួយសន្លឹក ពាក់ព័ន្ធនឹងក្រុមហ៊ុន CIC ដោយបានបញ្ជាក់ជាថ្មីថា និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវចំណាត់ការជាច្រើនមកហើយលើករណីនេះ គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូប ទៅតាមនីតវិធីគាំពារវិនិយោគិនជាធរមាន។
និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យក្រុមហ៊ុន CIC ចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិនស្របច្បាប់ និងចាត់ចែងទ្រព្យ ដេលកាត់កងបានឱ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅអភិវឌ្ឍន៍ ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិន ដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។
និយ័តករមូលបត្រកម្ពុជា បន្តថា តាមរយៈកិច្ចការទាំងអស់ ដែលតម្រូវ និងណែនាំឱ្យក្រុមហ៊ុន ជាពិសេសគណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ ឱ្យអនុវត្តជាបន្ទាន់ គឺសំដៅការពារផលប្រយោជន៍របស់វិនិយោគិន ដែលមកទល់ថ្ងៃទី២៥មីនា ឆ្នាំ២០២៤ ទ្រព្យសកម្មរបស់ក្រុមហ៊ុន ត្រូវបានប្រមូលមកវិញ ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ដែលនិយ័តករមូលបត្រកម្ពុជា បាន និងកំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។
និយ័តករមូលបត្រកម្ពុជា ក៏បានគូសបញ្ជាក់ជូនជាថ្មីថា និយ័តករមូលបត្រកម្ពុជា បានធ្វើការងារតាមនីតិវិធី និងបែបបទនៃច្បាប់ ក៏ដូចជា បច្ចេកទេសជានិយ័តករ ដើម្បីគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ អនុលោមតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន ក្នុងវិស័យមូលបត្រ។
និយ័តករមូលបត្រកម្ពុជា ក៏បានប្រកាសថា នឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិជាបន្ត និងឃ្លាំមើលជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេចនូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃវិស័យមូលបត្រ ដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុន កំពុងជួបការលំបាក។
ចំពោះករណីក្រុមហ៊ុនក្នុងស្រុក ដែលមានប្រធានក្រុមហ៊ុនធំៗ នៅប្រទេសកម្ពុជា ចូលហ៊ុនគ្នារកស៊ី ចំនួន ១៣នាក់ ដឹកនាំដោយលោក គុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាលនេះ ក៏ត្រូវបានអ្នកឧកញ៉ា គួច ម៉េងលី ដែលជាខ្មែរអាមេរិកាំង បានដាក់ទុនវិនិយោគជិត ៣០ម៉ឺនដុល្លារ។ អ្នកឧកញ៉ា គួច ម៉េងលី ក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល ដែលបានចូលហ៊ុន រកស៊ី ក្នុងជំនួញក្រុមហ៊ុន CIC នេះដែរ។ តែលោក បានលាឈប់វិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។
លោក គួច ម៉េងលី៖ ( សំឡេង )
យ៉ាងណាក៏ដោយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមមេធាវី ជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន CIC ដែលក្រុមមេធាវីនេះ មានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យ និងរៀបចំឯកសារជាភស្តុតាង និងធ្វើបណ្តឹង និងជួយការពារក្តីជូនប្រជាពលរដ្ឋដោយឥតគិតកម្រៃ។
ចំណែកលោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់អ្នកកាសែតថា ប្រជាពលរដ្ឋរងគ្រោះ អាចដាក់ពាក្យប្តឹង ទៅកាន់តុលាការ ឬទៅកាន់សមត្ថកិច្ច ចាប់ពីថ្នាក់ឃុំសង្កាត់ រហូតដល់ប្តឹង ចូលទៅក្រសួងមហាផ្ទៃ។
ក៏ប៉ុន្តែលោកបណ្ឌិត ទូច សុខៈ បញ្ជាក់ថា មកដល់ថ្ងៃទី២៥មីនា សមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ មិនទាន់ទទួលពាក្យបណ្តឹងណាមួយពីប្រជាពលរដ្ឋ ឬជនរងគ្រោះ នៅក្នុងសំណុំរឿងក្រុមហ៊ុន CIC នេះ នៅឡើយទេ។ តែលោកអ្នកនាំពាក្យរង លើកឡើងថា សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ បានតាមដាន និងប្រមូលព័ត៌មានជាប្រចាំ នៅពេលមានហេតុការណ៍អ្វីមួយ កើតឡើង។
លោក ទូច សុខៈ ( សំឡេង )
យ៉ាងណាក៏ដោយ មួយរយៈពេលចុងក្រោយនេះ ករណីបោកលុយ តាមរយៈការវិនិយោគដាក់លុយ និងទិញដីខ្យល់ ហើយទទួលបានការប្រាក់ខ្ពស់នេះ បានកើតឡើងច្រើន។ កន្លងមក ឧកញ៉ា ជាប្រធានក្រុមហ៊ុនមួយចំនួន ដូចជា ឧកញ៉ា ជាសារ៉ន និងស្ត្រីឧកញ៉ាវ័យក្មេង ឡេង ចាន់ណា ក៏បានរកស៊ី ដូចគ្នានឹងករណីក្រុមហ៊ុន CIC ដែរ ហើយត្រូវបានប្រជាពលរដ្ឋ ម្ចាស់លុយប្តឹង និងត្រូវតុលាការចោទប្រកាន់ និងចាប់ឃុំខ្លួនរួចមកហើយ។
ប៉ុន្តែលុយវិនិយោគរបស់ប្រជាពលរដ្ឋរាប់រយលានដុល្លារ មិនត្រូវបានរកឃើញ និងសងមកជនរងគ្រោះវិញនៅឡើយទេ៕