ក្រសួងការបរទេសកម្ពុជា ឆ្លើយតបនឹងការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ

Closure of Sweeden Embassy in Cambodia.jpg

Get the SBS Audio app

Other ways to listen


Published 18 September 2024 10:59am
By Meng Phalla
Source: SBS

Share this with family and friends


ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មាន ពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា បានចេញសេចក្តីបំភ្លឺ ជម្រាបជូនបន្ថែមលើសេចក្តីបំភ្លឺ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។


សេចក្តីបំភ្លឺនេះរួមមាន៖
១-តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក បន្ទាប់ពីការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែត ក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែត នៅភ្នំពេញ នឹងនៅតែបើកទ្វារ ដើម្បីបន្តផ្តល់សេវាកុងស៊ុល ដល់ពលរដ្ឋស៊ុយអែត នៅកម្ពុជា។

២-ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាលកន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ការបើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលី ក្នុងខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដា នៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ មានការផ្សព្វផ្សាយពីសាររបស់ស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា ដោយមានខ្លឹមសារថា ស្ថានទូតស៊ុយអែត ការិយាល័យប្រចាំភ្នំពេញ នឹងត្រូវបិទជាផ្លូវការ និងឈប់ធ្វើការ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែត ក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។

ស្ថានទូតអ៊ុយអែត បន្តថា ស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី១៥ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្រ្តតំបន់ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ហៅកាត់ថា ស៊ីដា (Sida ) ក្នុងទីក្រុង ស្តុកខុម ( Stockholm )។ ស្ថានកុងស៊ុលស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ នឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋាន សម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញផ្សាយនូវសេចក្តីបំភ្លឺថា កាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសស៊ុយអែត បានជូនដំណឹងមកក្រសួងការបរទេស អំពីការបិទការិយាល័យស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងបានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត បានសម្រេចដូចខាងលើ ក្រោមហេតុផលនៃការរៀបចំឡើងវិញ នៅចំណុចអាទិភាព ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ក្នុងសេចក្តីបំភ្លឺដដែល អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ៕


Share