អ្នកជំនាញបកស្រាយពីអង្គធាតុផ្សំសំខាន់ៗនៅក្នុងទឹកពិសាបរិសុទ្ធ

Drinking water

Drinking water Source: SBS

ថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ធ្វើការប្រៀបធៀបគុណភាពទឹក ដោយគ្រាន់តែប្រើប្រាស់អង្គធាតុចង្អុលពណ៌ បង្ហាញពីតម្លៃ pH របស់ទឹក ឬអាចនិយាយបានម្យ៉ាងទៀតថា ឲ្យដឹងពីកម្រិតអាស៊ីត ឬបាស នៅក្នុងទឹកពិសា។ តើការពិសោធន៍បែបនេះគ្រប់គ្រាន់សម្រាប់វាយតម្លៃគុណភាពទឹកពិសាដែរឬទេ?


ទឹកគឺ​ជា​ជីវិត។​ ទាំង​មនុស្ស សត្វ និង​រុក្ខជាតិ​ផ្សេងៗ​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ទឹក​បាន​ទេ។ ទឹក​ដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​សារពាង្គកាយ​យើង។ ជា​ការ​ពិត មាន​កត្តា​ជាច្រើន​ដែល​ស្ថាប័ន​គ្រប់គ្រង​គុណភាព ឬ​ស្ថាប័ន​ស្តង់ដា​ផ្សេងៗ​បាន​កំណត់​ពី​គុណភាព​ទឹក​ពិសា ដូចជា​កត្តា​គីមី និង​កត្តា​ជីវសាស្រ្ត​ជាដើម។
កត្តាគីមី​សំដៅទៅលើ​ថា​តើ​សារធាតុ​គីមី​អ្វីខ្លះដែល​គេ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​នៅក្នុង​ទឹក​ពិសា និង​ស្ថិត​ក្នុង​កម្រិត​ប៉ុណ្ណា។ ចំណែកឯកត្តាជីវសាស្រ្តវិញគឺ គេត្រូវធ្វើការ​ពិសោធន៍ និង​បញ្ជាក់​ថា​ទឹក​ពិសា​គ្មាន​អតិសឃុមប្រាណ (បាក់តេរី)​ ណា​ដែល​អាច​បង្កជា​ជំងឺ​ដល់​​អ្នក​បរិភោគ​បាន។ ប្រសិនបើ គោរព​ទៅ​តាម​ស្តង់ដា​ដែល​បានកំណត់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច ទើបក្រុមហ៊ុន​ទឹក​ពិសា​អាច​ទទួល​បាន​ស្តង់ដា ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​ច្បាប់​ប្រទេស ឬ​ស្ថាប័ន​អន្តរជាតិ​។
ចុះ​ចំណែក​ឯការ​ពិសោធន៍​ទឹក ដោយប្រើ​តែ​អង្គធាតុ​ចង្អុល​ពណ៌​រក​​តម្លៃ pH រួច​វាយ​តម្លៃ​ថា​ទឹកពិសា​មួយ​មាន​គុណភាព​ល្អ និង​មួយ​ទៀតគ្មាន​គុណភាព ហើយ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្សេងៗ​នោះ អាច​យក​ជា​ការ​បាន​ទេ? ហើយ​ពលរដ្ឋ​ខ្មែរ រួមទាំង អ្នក​ដែល​ទៅ​កំសាន្ត​នៅ​ប្រទេស​កម្ពុជា​គួរ​មាន​ការ​ព្រួយ​បារម្ភពី​បញ្ហា​គុណភាព​ទឹក​ដែរ​ទេ?
លោក រតនា និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្រ្ត​ចំណី​អាហារ​នៅ​សាកលវិទ្យាល័យ​ម៉ែលប៊ិន​ប្រទេស​អូស្ត្រាលី​បាន​គូស​បញ្ជាក់​ថា ការ​ពិសោធន៍​ដោយ​គ្រាន់​តែ​យក​អង្គធាតុ​ចង្អុលពណ៌​បង្ហាញ​ពីតម្លៃ pH មិន​អាច​យក​ជា​មូលដ្ឋាន​ក្នុáងការ​សន្និដ្ឋាន​ពី​គុណភាព​ទឹក​បាន​នោះទេ ។
“សំឡេងលោករតនា”
ជាមួយគ្នា​នេះដែរ អ្នកនាង ម៉ូលីវណ្ណ ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​កសិ-ឧស្សាហកម្ម​នៅទីក្រុង​ម៉ែលប៊ិន​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា​ ទឹក​ដែល​មាន​គុណភាព​ល្អ មិន​ចាំបាច់​ត្រូវ​មាន​តម្លៃ pH ណឺត ឬ​ស្មើនឹង​ប្រាំពីរ​នោះ​ទេ ហើយ​មាន​កត្តា​ជា​ច្រើន​ទៀត ដែល​គេ​ត្រូវ​ធ្វើការ​ត្រួត​ពិនិត្យ។
(សំឡេងអ្នកនាង ប៊ី ម៉ូលីវ៉ាន់)
សូម​បញ្ជាក់ថា បើ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​ថា ទឹក​ពិសារ​គួរ​មាន​តម្លៃ pH​​ ពី 6.5ទៅ8.5 ហើយ​គេ​មិន​អាច​កំណត់​ពីទំនាក់​ទំនង​ផ្ទាល់​រវាង​តម្លៃ pH និង​ផល​ប៉ះ​ពាល់​ដល់​សុខភាព​បាន​ទេ៕




Share