គណបក្សប្រជាជនកម្ពុជា ប្តូរតំណាងរាស្ត្រ ៣០រូប ខណៈហ៊្វុនស៊ិនប៉ិច ប្តូរ ១រូប

Cambodia Prime Minister Hun Manet.jpg

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត

កាលពីល្ងាចថ្ងៃទី២៤ ខែសីហា គ.ជ.ប បានប្រកាសពីការផ្លាស់ប្តូរអ្នកតំណាងរាស្ត្រ ៣០រូប របស់គណបក្សប្រជាជនកម្ពុជា ក្នុងចំណោមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ១២០រូប។ រីឯគណបក្សហ៊្វុនស៊ិនប៉ិច ផ្លាស់ប្តូរតំណាងរាស្ត្រ ១រូប ក្នុងចំណោមតំណាងរាស្ត្ររបស់ខ្លួន ៥រូប-អង្គ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាថ្មី នាពេលនេះ។


គ.ជ.ប បានប្រកាសថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ៣០រូប ដែលត្រូវផ្លាស់ប្តូរទាំងនោះ នៅក្នុងមណ្ឌលរាជធានីខេត្ត ចំនួន ១៧។ អ្នកតំណាងរាស្ត្រ ដែលត្រូវដូរចេញ ភាគច្រើន ត្រូវកាន់តំណែងជារដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងខ្លះ ជាឧបនាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិថ្មី។ ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី រួមទាំងកូនៗរបស់ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា មួយចំនួន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មី ដូចជា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាកូនរបស់លោក ស ខេង រួមទាំងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាកូនរបស់លោក ទៀ បាញ់ ក៏នៅតែបន្តមានឈ្មោះជាអ្នកតំណាងរាស្ត្រ ដូចឪពុករបស់លោកដដែល។ ក្នុងនោះ លោក ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនទៀត ក៏នៅតែមានឈ្មោះជាអ្នកតំណាងរាស្ត្រ ផងដែរ។

គ.ជ.ប នៅថ្ងៃទី២៤សីហា ក៏បានចេញសេចក្តីសម្រេច ផ្លាស់ប្តូរឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ១រូប របស់គណបក្សហ៊្វុនស៊ិនប៉ិច នៅមណ្ឌលខេត្តព្រៃវែង។ នោះគឺលោក អាំង សំបូរ ត្រូវបានដាក់ជំនួសលោក ភឹម រ៉ុង ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នៅមណ្ឌលខេត្តព្រៃវែង។

ចំណែកតំណាងរាស្ត្រ ៤រូបទៀត របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានជាប់ឆ្នោត ក្នុងអាណត្តិទី៧ នេះ មិនមានការផ្លាស់ប្តូរទេ រួមមាន៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាព្រះបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅអាណត្តិថ្មីនេះ បានជាប់ឆ្នោត ជាអ្នកតំណាងរាស្ត្រ នៅមណ្ឌលរាជធានីភ្នំពេញ។ លោក គង់ បណ្តូល តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។ លោក នាង ចាន់ណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងលោក ញឿន រ៉ាដែន តំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច ខេត្តកំពង់ចាម។

សូមជម្រាបជូនថា ការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ត្រូវបានគ.ជ.ប. ប្រកាសថា ក្នុងចំណោមតំណាងរាស្ត្រសរុប ១២៥រូប គឺមានតំណាងរាស្ត្រ ១២០រូប ជាប់ឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា និង ៥រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច។

យ៉ាងណាក៏ដោយ ការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល គឺប្រធាន-អនុប្រធានរដ្ឋសភា ព្រមទាំងប្រធាន-អនុប្រធានគណៈកម្មការជំនាញរដ្ឋសភា ទាំង ១០គណៈកម្មការ ព្រមទាំងសមាសភាពរាជរដ្ឋាភិបាលថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់៕



Share