សកម្មជន​ចលនាមាតាធម្មជាតិ​ ៥នាក់ ត្រូវ​តុលាការសម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស

Photo by LICADHO.jpg

ក្រុមយុវជនចលនាធម្មជាតិ -រូបភាពពីអង្គការលីកាដូ

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ យុវជន ៥នាក់ ស្ថិតក្នុងចលនាមាតាធម្មជាតិ ដែលធ្វើសកម្មភាពការពារបរិស្ថាន នៅកម្ពុជា ត្រូវបានតុលាការ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស។ ការចាប់ឃុំខ្លួនយុវជនស្រីប្រុសទាំង ៥នាក់នេះ បានធ្វើឡើង ភ្លាមៗ ក្រោយតុលាការ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសពួកគេ ទាំង ៥នាក់ រួមទាំងមនុស្ស ៥នាក់ទៀត ចន្លោះពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ស្មើប្រមាណ ២៥០០ដុល្លារអាមេរិក ក្នុងម្នាក់ៗ ពីបទរួមគំនិតក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រ។


សំណុំរឿងក្តីនេះ បានកើតឡើង ចាប់តាំងពីឆ្នាំ២០១២ នៅក្នុងសំណុំរឿងរបស់បុរសជនជាតិអេស្ប៉ាញ ចេះនិយាយខ្មែរច្បាស់ គឺលោក អាឡិច ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez Davidson)។ លោក អាឡិច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បណ្តេញចេញ និងហាមឃាត់មិនឱ្យចូលក្នុងប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៥។

លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានចោទប្រកាន់ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ដែលប្រព្រឹត្តក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០២១។

ចំណែកសកម្មជនចំនួន ៧នាក់ផ្សេងទៀត រួមមាន លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខឿយ រងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

ចៅក្រមតុលាការ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានចេញសាលក្រម ដោយសម្រេចផ្តន្ទាទោសលោក អាឡិច ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez Davidson) សហស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ឱ្យជាប់ពន្ធនាគារ ចំនួន ៨ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ជាតិ។ ចំណែកលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងមនុស្សប្រាំនាក់ផ្សេងទៀត ដែលមិនបង្ហាញខ្លួន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ម្នាក់ៗចំនួន ៦ឆ្នាំ ពីបទរួមគំនិតក្បត់។

នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ គឺនៅមុនការប្រកាសសាលក្រម ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនបរិស្ថានប្រមាណជា ៥០នាក់ បានស្លៀកពាក់ស មានឆ្នួតក្បាលពណ៌ស ដៃកាន់ធូប និងផ្កាឈូក ដង្ហែក្បួន ជាពិធីបុណ្យសព ចាប់ពីរង្វង់មូលស្ពានជ្រោយចង្វារ ដើរទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមយុវជនទាំងនេះ បានដង្ហែគោរោនកម្រងផ្កា ចាក់ភ្លេងហែសព និងមានបដា ព្រមទាំងទង់សរសេរថា «យុត្តិធម៌ ស្លាប់ហើយ»។

ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលមានអាយុក្រោម ៣០ឆ្នាំ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានដឹងខ្លួនមុនថា ពួកគេ នឹងត្រូវចាប់ខ្លួន បញ្ជូនទៅឃុំឃាំងនៅពន្ធនាគារ ក្រោយតុលាការ ប្រកាសសាលក្រម នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ។

( សំឡេង )​

ក្រោយការកាត់ទោស និងចាប់ខ្លួនក្រុមយុវជនចលនាមាតាធម្មជាតិទាំងនោះ ក្រុមអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty Internnational) ជាដើម បានចាត់ទុកការសម្រេចរបស់តុលាការក្រុងភ្នំពេញ ថាបានធ្វើឡើងដោយអយុត្តិធម៌ និងជាការគំរាមកំហែងដល់សកម្មជនផ្សេងទៀត។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ចាត់ទុកថា ការកាត់ទោស និងចាប់ឃុំខ្លួនក្រុមយុវជនចលនាមាតាធម្មជាតិ ពេលនេះ ជាការបំបាក់ស្មារតីអ្នកចេញមុខការពារបរិស្ថាន។

( សំឡេង )

សេចក្តីរាយការណ៍ បង្ហាញថា កាលពីឆ្នាំ២០២០ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានជាប់ពន្ធនាគារជាង ១ឆ្នាំ ពីបទ «ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តុលាការបានបន្ថែមបទចោទ «រួមគំនិតក្បត់» ពេលពួកគេ កំពុងស្ថិតក្នុងពន្ធនាគារ។ ចំណែកកញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ត្រូវបានតុលាការឃុំខ្លួន នៅពន្ធនាគារអស់រយៈពេល ៥ខែ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។ តុលាការ បានដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំ២០២១៕

 


Share