បារាំងសន្យាផ្តល់​ជំនួយ​២០០លានអឺរ៉ូ​ ជួយ​ដល់កម្ពុជា​

Cambodian PM and his counterpart in Paris.jpg

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង អេម៉ាញូអ៊ែល ម៉ាក្រុង

កាលពីថ្ងៃទី១៨ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសបារាំង។ ផ្តើមដំបូង លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានទទួលជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។


ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នា លោកប្រធានាធិបតីបារាំង ម៉ាក្រុង បានប្រកាសស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទឹកដីបារាំង ពេលនេះ។

លោកប្រធានាធិបតី ម៉ាក្រុង បានលើកឡើងថា «ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង ពេលនេះ គឺជាឱកាសមួយ ដែល​យើងអាចមានលទ្ធភាព ដើម្បី​បង្កើតគម្រោងថ្មីៗទៀត ជាមួយក្រុមហ៊ុនយើងខ្ញុំ ហើយសម្តេច មានឱកាសបានជជែក​ផ្លាស់ប្តូរយោបល់​ជាមួយក្រុមហ៊ុនជាច្រើន ជាពិសេសក្នុងវិស័យ​ថាមពល ដឹកជញ្ជូន និងហេដ្ឋា​រចនាសម្ព័ន្ធ​។ យើងនឹងជជែក​គ្នា នៅទីនេះ​ អំពីអាទិភាពរបស់សម្តេច ដើម្បីផ្តល់​ជូនសម្តេចនូវមធ្យោបាយ និងជំនាញចាំបាច់នានា ដោយមានការជួយជ្រោមជ្រែងពីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង ដែល​នៅក្នុងសប្តាហ៍នេះ បានសន្យាចាយកញ្ចប់​ ២០០លានអឺរ៉ូ ក្នុងវិស័យ​បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តិកម្មទឹកស្អាត»។

លោកប្រធានាធិបតី ម៉ាក្រុង ក៏បានរម្លឹកពីជំហររបស់កម្ពុជា ដែលបានថ្កោលទោសយ៉ាងម៉ឹងម៉ាត់ ចំពោះការទម្លាក់គ្រាប់បែករបស់រុស្ស៊ី ទៅលើលំនៅដ្ឋានរបស់ជនស៊ីវិល នៅអ៊ុយក្រែន។ ជំហរដ៏ក្លាហានរបស់កម្ពុជា ត្រូវបានលោក ម៉ាក្រុង ចាត់ទុកថា គឺជាទឡ្ហីករណ៍ដ៏ច្បាស់ក្រឡែត បង្ហាញថា បញ្ហាពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែននេះ វាហួសពីព្រំដែនអឺរ៉ុបទៅហើយ។

លោក ម៉ាក្រុង សង្ឃឹមថា ជំហរប្រកាន់ខ្ជាប់របស់កម្ពុជា ក្នុងការគោរពច្បាប់ និងសេរីភាព ដែលដកបទពិសោធន៍ចេញពីប្រវត្តិសាស្ត្រដ៏សោកនាដកម្ម នៅតែជារឿងសំខាន់ នៅក្នុងសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា នៅបារាំង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុករបស់លោក កាលពីខែធ្នូ ឆ្នាំ២០២២ រួមទាំងដំណើរទស្សនកិច្ចរបស់លោក នៅបារាំង ពេលនេះ បង្ហាញឱ្យឃើញអំពីភាពស៊ីជម្រៅ និងចំណងមិត្តភាពរបស់កម្ពុជា និងបារាំង។ កម្ពុជា ក៏នៅតែចងចាំជានិច្ចនូវតួនាទីរបស់បារាំង នៅក្នុងនាមជាស្ថាបនិក និងក្នុងនាមជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីស ដែលនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាការរួមចំណែកដ៏សំខាន់របស់បារាំង នៅក្នុងស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីពេលនោះមក តាមរយៈទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា AFD ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងស្ថិតនៅលើមាគ៌ាក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល​ថ្មីរបស់កម្ពុជា ខ្ញុំសូមបញ្ជាក់អំពីជំហរច្បាស់លាស់របស់កម្ពុជា នៅក្នុងការពូនជ្រុំ និងបន្ត​ពង្រឹងពង្រីក​នូវទំនាក់ទំនង​សហប្រតិបត្តិការរវាង​កម្ពុជា និងបារាំង។ ខ្ញុំសង្ឃឹមថា តាមរយៈទស្សនកិច្ចផ្លូវការរបស់ខ្ញុំ នៅពេលនេះ យើងទាំងពីរ អាចជជែកគ្នា នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពនៅក្នុងការបង្កើន​កម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់យើ​ង»។

សូមរម្លឹកថា លោក ហ៊ុន ម៉ាណែត បានចាកចេញពីកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ច ១សប្តាហ៍ នៅទឹកដីអឺរ៉ុប កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ក្នុងបេសកកម្មនេះលោកហ៊ុនម៉ាណែត បានជួបក្រុមហ៊ុនបារាំង និងក្រុមហ៊ុននៅអឺរ៉ុបជាច្រើន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុប ក៏ដូចជាចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស រួមទាំងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង នាថ្ងៃទី១៨-១៩ ខែមករានេះ៕


Share