លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងដូច្នេះ កាលពីថ្ងៃទី២០ ខែកញ្ញា ក្នុងពេលលោក បានប្រកាសពីការសម្រេចពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ ប្រភេទឧស្សាហកម្ម និងកសិកម្ម។
ការសម្រេចបញ្ចុះតម្លៃពី ១០% ទៅ ២០% នេះ ក្នុងគោលដៅ ជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ស្របតាមការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយកម្មករកាត់ដេរ នៅខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែកញ្ញា។
សេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល បានប្រកាស សម្រេច បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពល ដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ព្រឹក ដល់ម៉ោង ៩យប់។
ក្នុងនោះ បញ្ចុះអត្រាថ្លៃ ចំនួន ២០% សម្រាប់បរិមាណថាមពល ដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង ៧ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
តាមសេចក្តីប្រកាស រយៈពេលអនុគ្រោះថ្លៃ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើនេះ មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្ត តាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។
ក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់ថា ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕