ហាងកែសម្ផស្សរបស់លោកស្រី Lee Kim Tan ដែលបើកក្រោមផ្លាកយីហោ Sonoun Kimlee Salon នៅក្នុងផ្សារស្រ្ពីងវ៉ែល ត្រូវបានហាមឃាត់ជាអចិន្រ្តៃយ៍មិនឲ្យបម្រើសេវាកម្មសុខភាពទូទៅណាមួយ ដែលមានពាក់ព័ន្ធនឹងនីតិវិធីកែសម្ផស្សនោះឡើយ ។ នោះរាប់បញ្ចូលទាំង សេវាកម្មកែសម្ផស្ស ឬការវះកាត់ណាមួយដែលពាក់ព័ន្ធនឹង ការកាត់ ឬចោះស្បែក រួមទាំងការព្យាបាលដោយគ្រឿងសម្អាងដែលចាក់បញ្ចូលទៅក្នុងស្បែក ដូចជាថ្នាំ Botox និង ថ្នាំបន្តឹងស្បែក (dermal filler) ផងដែរ។
ស្នងការទទួលពាក្យបណ្តឹងសុខភាព លោកស្រី Karen Cusack មានប្រសាសន៍ថា៖ «សុវត្ថិភាពរបស់ប្រជាជនរដ្ឋវិចរូរៀ គឺជាអាទិភាពទីមួយរបស់យើង។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា វាចាំបាច់ក្នុងការដាក់បម្រាមនេះជាអចិន្ត្រៃយ៍ មកលើលោកស្រី Lee Kim Tan ដើម្បីចៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និងសុខមាលភាព របស់សាធារណៈជនរដ្ឋវិចតូរីយ៉ា។»
លោកស្រី Cusack បានកត់សម្គាល់ថា ខណៈដែលមានអ្នកផ្តល់សេវាកម្មព្យាបាលដោយគ្រឿងសំអាងជាច្រើន មិនអនុវត្តតាមក្រមសីលធម៌របស់ពួកគេទាំងស្រុងនោះ វាសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ដែលគិតចង់ទទួលការព្យាបាលដោយគ្រឿងសំអាងនោះ ពិចារណាពីអ្វីដែលអាចនឹងដំណើរការខុស និងអ្វីដែលពួកគេមានសិទ្ធិរំពឹងទុកពីអ្នកផ្តល់សេវាសុខភាពរបស់ពួកគេ។ ដូច្នេះពួកគេអាចធ្វើការសម្រេចចិត្តជាមួយនឹងព័ត៌មានគ្រប់ជ្រុងជ្រោយ។
ប្រសិនបើលោកអ្នកមិនទទួលបានការបម្រើសេវាកម្មប្រកបដោយសុវត្ថិភាពតាមការរំពឹងទុក ឬជឿជាក់ថាអ្នកផ្តល់សេវាកម្មនោះមិនអនុវត្តតាមក្រមសសីលធម៌សម្រាប់សេវាកម្មសុខភាពទូទៅទេនោះ លោកស្រី Cusack ណែនាំឲ្យទាក់ទងស្នងការទទួលពាក្យបណ្តឹងសុខភាព ដើម្បីធ្វើការប្តឹងតវ៉ា។
សូមបញ្ជាក់ថា សាលាក្រុង City of Greater Dandenong បានចុះទៅបិទហាងកែសម្ផស្ប Sonoun Kimlee Salon នៅក្នុងផ្សារ Springvale ដែលមិនបានចុះបញ្ជីត្រឹមត្រូវ ហើយបានយកឧបករណ៍ និងឱសថទាំងអស់ចេញពីហាង កាលពីខែកក្កដា ឆ្នាំ២០១៩។ រហូតមកទល់នឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្នងការទទួលពាក្យបណ្តឹងសុខភាព បានចេញបម្រាមហាមឃាត់ជាអចិន្រ្តៃយ៍មិនឲ្យ អ្នកស្រី Lee Kim Tan ម្ចាស់ហាងកែសម្ផស្ស Sonoun Kimlee Salon ផ្តល់សេវាកម្មទាំងនេះបន្តទៀតដោយគ្មានពេលកំណត់ រហូតដល់មានការផ្លាស់ប្តូរ ឬដកហូតបម្រាមនេះ តាមបញ្ជាររបស់ស្នងការ៕