អ្នកស្រីស៊ីណែត អាជីវករដែលមានអាជីវកម្មមួយចំនួននៅទីក្រុងម៉ែលប៊ិនបានស្នើគណបក្សជាប់ឆ្នោតក្រោយនេះឲ្យបើកទូលាយព្រំដែនដើម្បីទទួលយកជនអន្តោប្រវេសន៍ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច។
(សំឡេងលោកស្រីស៊ីណែត)
លោក ជូលៀន ហ៊ីល សមាជិកសភាសហព័ន្ធពីគណបក្សឡេប៊ឺ និងជាបេក្ខជនឈរឈ្មោះ ឡើងវិញនៅតំបន់ Bruce បានថ្លែងប្រាប់ SBS ថាគណបក្សឡេប៊ឺនឹងលើកកម្ពស់សេវាកម្មអន្តោប្រវេសន៍ ៖
ពាក្យបណ្តឹងច្រើនជាងគេបំផុតនៅក្នុងការិយាល័យតំណាងរាស្ត្ររបស់ខ្ញុំគឺភាពយឺតយ៉ាវក្នុងការចេញទិដ្ឋាការទោះបីជាទិដ្ឋាការធានាប្តី ឬប្រពន្ធមករស់នៅអូស្ត្រាលី ឬសូម្បីតែទិដ្ឋាការសម្រាប់អ្នកទេសចរណ៍សម្រាប់សាច់ញាតិដែលរស់នៅទីនេះដើម្បីចេញចូលបាន។ គណបក្សឡេបឺទទួលស្គាល់ថាក្រសួងអន្តោប្រវេសន៍បំពេញការងារមិនល្អ ហើយគណបក្ស Liberal ដែលដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នមិនយកចិត្តទុកដាក់ ហើយយើងត្រូវតែលើកកម្ពស់ប្រព័ន្ធវាយតម្លៃផ្តល់ទិដ្ឋាការរបស់យើង។
ចំណែលលោក Matthew Kirwin បេក្ខជនឈរឈ្មោះនៅតំបន់ ព្រូស មកពីគណបក្ស Green ក៏បានសន្យាផងដែរថានឹងផ្តល់ធនធានឲ្យបានគ្រប់គ្រាន់ដល់ក្រសួងអន្តោប្រវេសន៍ដើម្បីបំពេញការងារបានទាន់ពេលវេលា។ លោក បញ្ជាក់ថា
ចំណុចសំខាន់គឺយើងត្រូវតែធ្វើការវាយតម្លៃផ្តល់ទិដ្ឋាការអន្តោប្រវេសន៍បានលឿន។ ក្រសួងអន្តោប្រវេសន៍ចំណាយពេលរាប់ខែ រាប់ឆ្នាំដើម្បីវាយតម្លៃមុនផ្តល់ទិដ្ឋាការអន្តោប្រវេសន៍។ ម្យ៉ាងវិញទៀតនៅពេលគេបានសិទ្ធិ និងដាក់ពាក្យសុំចូលសញ្ជាតិ គេនៅតែចំណាយពេលច្រើនទៀតមុននឹងបានចូលសញ្ជាតិ។ យើងត្រូវតែផ្តល់ធនធានឲ្យក្រសួងអន្តោប្រវេសន៍ឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើការវាយតម្លៃការផ្តល់ទិដ្ឋាការឲ្យបានកាន់តែលឿន។
សូមបញ្ជាក់ថាគណបក្ស Liberal ដែលដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នមិនបានបញ្ជូនតំណាងមកចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្តូរព័ត៌មានដែលរៀបចំដោយវិទ្យុ អេសប៊ីអេសទេ។ ប៉ុន្តែគណបក្ស Liberal មានគោលនយោបាយការពារព្រំដែនឲ្យបានរឹងមាំ ដោយលើកឡើងថាគណបក្សឡេប៊ឺទទួលបរាជ័យទាក់ទងនឹងការការពារព្រំដែនដោយអនុញ្ញាតឲ្យមានពលរដ្ឋផ្សេងឆ្លងដែនតាមទូកជាច្រើនម៉ឺននាក់ និងបណ្តាលឲ្យមានមនុស្សស្លាប់ពេលធ្វើដំណើរតាមទូក និងការឃុំឃាំងមនុស្សជាច្រើននាក់ដែលធ្វើឲ្យរដ្ឋាភិបាលចំណាយរហូតដល់ 17 ពាន់លានដុល្លារចំពោះបញ្ហាលំហូរចូលអន្តោប្រវេសន៍ខុសច្បាប់នេះ។ គោលនយោបាយប្រកបដោយប្រសិទ្ធិភាពរបស់គណបក្ស Liberal រួមមានការបើក ការិយាល័យវាយតម្លៃផ្តល់ទិដ្ឋាការនៅតាមតំបន់ ការផ្តល់ទិដ្ឋាការការពារ ដែលអាចការពារការជួញដូរមនុស្ស និងការឲ្យទូកត្រឡប់ទៅប្រភពដើមវិញបើមានសុវត្ថិភាពនៅ ពេលចូលអូស្ត្រាលីខុសច្បាប់។
សូមបញ្ជាក់ថាការបោះឆ្នោតសហព័ន្ធដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃសៅរ៍ទី 21 ឧសភាចុងសប្តាហ៍នេះ ក្រៅពីមានគណបក្សធំៗចំនួនពីរគឺគណបក្ស Liberal ដែលជាគណបក្សដឹកនាំរដ្ឋាភិបាលចម្រុះជាមួយគណបក្ស National និងគណបក្សឡេប៊ឺដែលជាគណបក្សប្រឆាំង ក៏មានគណបក្សមួយចំនួនទៀតដូចជាគណបក្ស Green, United Australia Party និងបេក្ខជនឈរឈ្មោះឯករាជ្យជាច្រើនទៀត។