ការចរចាប្រាក់ខែកម្មករកាត់ដេរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ នៅមិនទាន់ត្រូវគ្នាទេ

Cambodia Minister of Labour and Vocational Training Heng Sour.jpg

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការចរចាប្រាក់ខែកម្មករកាត់ដេរ នៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញា គឺមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ។ ភាគីនិយោជក ជាថៅកែរោងចក្រ ព្រមឡើងត្រឹមតែ ១ដុល្លារ ខណៈភាគីសហជីព តំណាងកម្មករកាត់ដេរ បានទាមទារឡើងប្រាក់ខែ ១៥ដុល្លារអាមេរិក លើប្រាក់ខែ ឆ្នាំ២០២៣ ដែលមានចំនួន ២០០ដុល្លារអាមេរិក។


ចេញពីកិច្ចប្រជុំ លោក ហេង សួរ រដ្ឋមន្ត្រីទើបឡើងថ្មី របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំកិច្ចប្រជុំ បានប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា៖
( សំឡេង )

ចំណែកលោក គឹម ចាន់សំណាង តំណាងភាគីសហជីពកម្មករកាត់ដេរ បានលើកឡើងថា សហជីពតំណាងកម្មករ បានព្រមព្រៀងគ្នា ទាមទារឡើងប្រាក់ខែចំនួន ១៥ដុល្លារ បន្ថែមពីលើប្រាក់ខែឆ្នាំ២០២៣ ដែលមាន ២០០ដុល្លារអាមេរិក។ ការទាមទារនេះ បានធ្វើឡើង ដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យទាំង ៧ចំណុច សម្រាប់កម្មករកាត់ដេរ រស់នៅសមរម្យ។

លោក គឹម ចាន់សំណាង៖ ( សំឡេង )

សូមរម្លឹកថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី រួមមាន ភាគីរាជរដ្ឋាភិបាល ភាគីនិយោជក ជាថៅកែរោងចក្រកាត់ដេរ និងភាគីសហជីព ជាតំណាងកម្មករកាត់ដេរ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំចរចា ៣លើករួចមកហើយ។ ក្រុមការងារត្រីភាគីនេះ បានសន្យាថា នឹងជួបប្រជុំចរចា ១សប្តាហ៍ម្តង នៅរៀងរាល់ព្រឹកថ្ងៃចន្ទ ហើយនៅថ្ងៃទី២ ខែតុលា ទើបជាថ្ងៃប្រជុំចរចាចុងក្រោយ។

យ៉ាងណាក៏ដោយ ក្នុងពិធីជួបជាមួយកម្មករកាត់ដេរ លើកដំបូង ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសសន្យាថា ប្រាក់ខែកម្មករកាត់ដេរ សម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែឡើង។ ការចរចាដំឡើងប្រាក់ខែកម្មករកាត់ដេរនេះ ក៏ត្រូវធ្វើឱ្យរួចរាល់ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ នាខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕



Share