កម្ពុជារកឃើញករណីសង្ស័យជំងឺអុតស្វា ៦នាក់ តែលទ្ធផលចេញពីមន្ទីរពិសោធន៍ «អវិជ្ជមាន»

Monkey pox

원숭이두창 증세 Source: SBS

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រកាសកាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ពីការរកឃើញករណីសង្ស័យជំងឺអុតស្វា លើប្រជាជនកម្ពុជា ចំនួន ៦នាក់។ ប៉ុន្តែបានធ្វើតេស្ដ នៅមន្ទីរពិសោធន៍ លទ្ធផល បង្ហាញថា «អវិជ្ជមាន»។


លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា យើងរកឃើញករណីសង្ស័យជំងឺអុតស្វា ចំនួន ៦នាក់ ដែល​ជាប្រជាជនកម្ពុជា ក្នុងនោះ ៥នាក់ ជាមនុស្សធំ និងម្នាក់ ជាកូនក្មេង។ ពួកគាត់ទាំង ៦នាក់នោះ បានចេញរោគសញ្ញាសង្ស័យ ដូចជា កន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើមុខជាដើម ក្នុងនោះក៏មានគ្រុនក្ដៅ ឡើងកូនកណ្ដុរ ឈឺខ្នង និងឈឺសាច់ដុំ។ តែលោក លី សូវ៉ាន់ បញ្ជាក់ថា លទ្ធផលនៃការធ្វើពិសោធន៍ គឺ​«អវិជ្ជមាន»។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់៖ ( សំឡេង )   

កាលពីថ្ងៃទី១ ខែមិថុនា មានសេចក្តីរាយការណ៍ថា ជំងឺអុតស្វា (Monkeypox) បានមកដល់ប្រទេសថៃ ជាប់កម្ពុជា​ហើយ ដែលជាករណីដំបូង ឆ្លងតាមអ្នកដំណើរកាត់ផ្លូវអាកាស មកពីទ្វីបអឺរ៉ុប ឈប់នៅអាកាសយានដ្ឋានបាងកក មុនចេញទៅអូស្រ្តាលី។

​អាជ្ញាធរថៃ បាននាំមនុស្សចំនួន ១២នាក់ ទៅធ្វើចត្តាឡីស័ក ក្នុងប្រទេសថៃ ចំនួន ៧ថ្ងៃ។ ក្រុមមនុស្សទាំង ១២នាក់នោះ ជាអ្នករួមដំណើរជាមួយអ្នកជំងឺ និងអ្នកបម្រើការលើយន្តហោះ ដែលបានប៉ះពាល់គ្នាជិតស្និទ្ធ។​ គេមិនទាន់ឃើញរោគសញ្ញាអុតស្វា អ្នកទាំង ១២នាក់នោះទេ ប៉ុន្តែពួកគេ នឹងត្រូវស្នាក់នៅដាច់ដោយឡែក បន្តរយៈពេល ២១ថ្ងៃទៀត។

បន្ថែមពីលើនេះទៀត ពួកគេនឹងត្រូវឆ្លងកាត់ ការធ្វើតេស្ត ការត្រួតពិនិត្យប្រវត្តិ ការតាមដានជំងឺ ការព្យាបាល និងការដាក់ឲ្យស្ថិតក្នុងចត្តាឡីស័ក រហូតទាល់តែគេអាចបញ្ជាក់បានថា ក្រុមទាំងនោះឆ្លងជំងឺអុតស្វា ឬអត់។ ប្រសិនបើមានវិជ្ជមាន ពួកគេត្រូវទទួលការព្យាបាល និងត្រូវធ្វើចត្តាឡីស័កចំនួន ២១ថ្ងៃក្រោយធ្វើរោគវិនិច្ឆ័យ។

សូមរម្លឹកថា មកដល់ពេលនេះ ជំងឺរាតត្បាតអុតស្វា បាន​បន្តរាលដាលទូទាំងសកល ចំនួនជិត ២០០ករណីក្នុងបណ្ដាប្រទេសជាង ២០។

ជំងឺអុតស្វា ឬ​ Monkeypox រាតត្បាតខ្លាំងនៅចក្រភពអង់គ្លេស ដែលមានចំនួន ១០៦ករណី ក្នុងប្រទេសព័រទុយហ្កាល់ ៤៩ករណី ប្រទេសកាណាដា ២៦ករណី និងប្រទេសផ្សេងៗទៀត។ ប៉ុន្តែមិនធ្ងន់ធ្ងរដល់អាយុជីវិត នោះទេ។ ទោះជាយ៉ាងណា អ្នកជំនាញ បានលើកទឹកចិត្តឲ្យប្រទេសជាច្រើន និងអ្នកធ្វើដំណើរឆ្លងកាត់ប្រទេសមួយ ទៅប្រទេសមួយ ត្រូវ​មានការប្រុងប្រយ័ត្ន កាន់តែខ្ពស់៕


Share