សមាសភាពគជប អាណត្តិថ្មី នេះ មានលោក ប្រាជ្ញ ចន្ទ នៅបន្តជាប់ជាប្រធានគ.ជ.ប ខណៈដែលមន្ត្រីជាន់ខ្ពស់ មកពីគណបក្សហ៊្វុនស៊ិនប៉ិច ៤រូប ត្រូវបានជ្រើសតំាងជាអនុប្រធាន និងសមាជិក គ.ជ.ប នៅក្នុងអាណត្តិថ្មីនេះផងដែរ។
លោក សោម សូរីដា មកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានជ្រើសតាំង ជាសមាជិក គ.ជ.ប បានថ្លែងទៅកាន់ក្រុមអ្នកកាសែត បន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំគ.ជ.ប កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ យ៉ាងដូច្នេះថា៖ ( សំឡេង )
សូមរម្លឹកថា ច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ មាត្រា ៦ បានកំណត់ថា «សមាសភាពទាំង ៩រូប របស់គ.ជ.ប ត្រូវជ្រើសរើសដោយ ៤រូប ជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល និង ៤រូប ជ្រើសរើសដោយគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និង១រូបទៀត ជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា»។
មាត្រា៧ កំណត់ថា ប្រធាន អនុប្រធាន និងសមាជិកគជប មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតអាណត្តិ នៅពេលសមាសភាពថ្មី ចូលកាន់តំណែង។
រដ្ឋសភាថ្មី នៅអាណត្តិទី៧ ដែលបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២៣ គឺមានសមាជិករដ្ឋសភា ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង ៥រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច៕