សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ថ្មី ទាំង ៩រូប ដែលរដ្ឋសភា បានផ្សព្វផ្សាយ គឺត្រូវផ្លាស់ប្តូរអ្នកចាស់ ៤រូប។ ក្នុងនោះ រួមមាន លោក នុត សុខុម អនុប្រធានគ.ជ.ប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ជំនួសដោយលោក ជឺ ចំណាន។ លោក ឌុច សុន សមាជិកគ.ជ.ប មកពីគណបក្សប្រជាជនកម្ពុជា ជំនួសដោយលោក សោម សូរីដា។ លោក ឯម សូផាត សមាជិកគ.ជ.ប មកពីគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ីង ធីឫទ្ធិ សមាជិកគ.ជ.ប មកពីអតីតគណបក្សសង្គ្រោះជាតិ តាំងពីខែមេសា ឆ្នាំ២០១៥។
សមាសភាពគ.ជ.ប អាណត្តិថ្មី ទាំង ៩រូប ត្រូវបានរដ្ឋសភា ប្រកាសផ្សព្វផ្សាយ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ រួមមាន៖
១-លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប សព្វថ្ងៃ មកពីគណបក្សប្រជាជនកម្ពុជា នៅតែជាបេក្ខភាពប្រធានគ.ជ.ប ក្នុងអាណត្តិថ្មីដដែល។
២-លោក ជឺ ចំណាន បេក្ខភាពអនុប្រធានគ.ជ.ប មកពីគណបក្សហ៊្វុនស៊ិនប៉ិច
៣-លោក មាន សទិ ( សមាជិកគ.ជ.ប អាណត្តិចាស់ មកពីគណបក្សប្រជាជនកម្ពុជា )
៤-លោក ឌឹម សុវណ្ណារុំ ( សមាជិកគ.ជ.ប អាណត្តិចាស់ មកពីគណបក្សប្រជាជនកម្ពុជា )
៥-លោក សោម សូរីដា ( អគ្គលេខាធិការរងគ.ជ.ប ជាបេក្ខភាពសមាជិកគ.ជ.ប មកពីគណបក្សប្រជាជនកម្ពុជា )
៦-លោក ហេង ស៊ីឡេង ( បេក្ខភាពសមាជិកគ.ជ.ប មកពីគណបក្សហ៊្វុនស៊ិនប៉ិច )
៧-លោក យិច សមិទ្ធិ (បេក្ខភាពសមាជិកគ.ជ.ប មកពីគណបក្សហ៊្វុនស៊ិនប៉ិច )
៨-លោក ហ៊ែល សារ៉ាត់ ( សមាជិកគ.ជ.ប អាណត្តិចាស់ មកពីគណបក្សហ៊្វុនស៊ិនប៉ិច )
៩-លោក ហង្ស ពុទ្ធា ( សមាជិកគ.ជ.ប អាណត្តិចាស់ តាំងពីខែមេសា ឆ្នាំ២០១៥ ដែលមានការឯកភាពពីគណបក្សមានអាសនៈ នៅរដ្ឋសភា )
សូមរម្លឹកថា ច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ មាត្រា ៦ បានកំណត់ថា «សមាសភាពទាំង ៩រូប របស់គ.ជ.ប ត្រូវជ្រើសរើសដោយ ៤រូប ជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល និង ៤រូប ជ្រើសរើសដោយគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និង១រូបទៀត ជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា»។
មាត្រា៧ កំណត់ថា «ប្រធាន អនុប្រធាន និងសមាជិកគជប មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតអាណត្តិ នៅពេលសមាសភាពថ្មី ចូលកាន់តំណែង»។
រដ្ឋសភាថ្មី នៅអាណត្តិទី៧ ដែលបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២៣ គឺមានសមាជិករដ្ឋសភា ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង ៥រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច។
សូមជម្រាបបន្ថែមថា បន្ទាប់ពីរដ្ឋសភា ប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើសមាសភាព គ.ជ.ប ថ្មី ទាំង ៩រូប រួចហើយ សមាសភាពថ្នាក់ដឹកនាំគ.ជ.ប ទាំង ៩រូប នឹងត្រូវចូលធ្វើសច្ចាប្រណិធាន ឬស្បថ ក្នុងព្រះបរមរាជវាំង នាម៉ោង ៤រសៀល ម៉ោងនៅប្រទេសកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ។ នេះបើតាមលិខិតរបស់ព្រះបរមរាជវាំង ជូនទៅកាន់អគ្គលេខាធិការ គ.ជ.ប៕