សកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ពួកគេ ៩នាក់ ក្នុងចំណោម ១០នាក់នោះ បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសវនាការ នៅក្នុងពន្ធនាគារ ខេត្តកោះកុង។ ចំណែកសកម្មជនម្នាក់ទៀត ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង។
ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា ការចោទប្រកាន់នេះ ធ្វើឡើង បន្ទាប់ពីសកម្មជនដីធ្លីទាំងនោះ ព្យាយាមធ្វើដំណើរ ពីស្រុកស្រែអំបិល ខេត្តកោះកុង ទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិ ទៅកាន់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងជម្លោះដីធ្លី។
ប្រសិនបើត្រូវបានផ្ដន្ទាទោស សកម្មជនដីធ្លីម្នាក់ ៗនឹងប្រឈមនូវការជាប់ពន្ធនាគារ រហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់ រហូតដល់ ៤លានរៀល ស្មើប្រហែល ១ពាន់ដុល្លារអាម៉េរិក។
ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងសហគមន៍ដីធ្លី នៅកម្ពុជា បានស្នើសុំរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសតុលាការ បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋខ្មែរ ជាសកម្មជនដីធ្លី ដោយទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងពួកគេ និងដោះលែងពួកគេជាបន្ទាន់ ដោយឥតលក្ខខណ្ឌ ពីការឃុំខ្លួនបណ្ដោះអាសន្ននេះ។
ជុំវិញការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិលដូច្នេះ មិនត្រូវបានឆ្លើយតបបែបណាពីតុលាការខេត្តកោះកុង នៅឡើយទេ៕