នាយករដ្ឋមន្រ្តី​កម្ពុជា ណែនាំ​ឱ្យ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពីគ្រឿង​ស្រវឹង

Traffic accident in Cambodia -Phnom Penh municipal police commission.jpg

គ្រោះថ្នាក់ចរាចរណ៍ នៅទីក្រុងភ្នំពេញ

ក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសណែនាំឱ្យមហាជន អ្នកសារព័ត៌មាន និងអាជ្ញាធរសមត្ថកិច្ច ចូលរួម ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង ហើយបើកបរយានយន្ត។ គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា ដែលលោកនាយករដ្ឋមន្ត្រី ប្រកាសថា សព្វថ្ងៃ បានសម្លាប់មនុស្សច្រើនជាងគ្រាប់មីនទៅទៀត។


ក្នុងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅកាន់មេប៉ូលិស ដើម្បីឱ្យប៉ូលិសចរាចរណ៍ ចាប់ផ្តើមរឹតបន្តឹង និងត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរយានយន្ត ឡើងវិញ។

​( សំឡេង )

ការលើកឡើងខាងលើ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយសារតែមួយរយៈចុងក្រោយនេះ នៅកម្ពុជា ពិសេសនៅភ្នំពេញ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកស្រវឹងស្រា បើកឡាន បុកម៉ូតូ បណ្តាលឱ្យស្លាប់មនុស្សច្រើនករណី។ ក្នុងនោះ គិតត្រឹមតែខែធ្នូ ឆ្នាំ២០២៣ មកដល់ខែមករា ឆ្នាំ២០២៤ នេះ គឺមានយ៉ាងហោចណាស់ ៥ករណី ដែលកក្រើកដល់សង្គមកម្ពុជាយើង។ ហេតុការណ៍ទាំងនោះ បង្កឡើងដោយអ្នកបើកបរឡាន ដែលស្រវឹងស្រា ហើយមានអ្នកស្លាប់ ៨នាក់ និងរបួសប្រមាណ ៦នាក់។

ក៏ប៉ុន្តែបើគិតជាមធ្យម នៅកម្ពុជា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរៀងរាល់ថ្ងៃ ហើយនៅទូទាំងប្រទេស មានអ្នកស្លាប់ ៤នាក់ ទៅ ៥នាក់ និងរបួសជាង ១០នាក់ ក្នុង ១ថ្ងៃៗ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ មូលហេតុ គឺបណ្តាលមកពីកត្តាមនុស្ស ដែលបើកបរយានយន្ត ហើយមួយចំនួន ជនបង្ក និងជនរងគ្រោះ ជាអ្នកស្រវឹងស្រា។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាខាងលើនេះ គឺបានធ្វើឡើង ក្រោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្ពានឫស្សីកែវ ក្នុងរាជធានីភ្នំពេញ បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ នេះ បង្កឡើងដោយបុរសអាយុ ៥៦ឆ្នាំ ជាមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្មោះ នាង សំអូន បានបើកឡាន ក្នុងស្ថានភាពស្រវឹងស្រា ហើយបុកអ្នកជិះម៉ូតូ និងឡាន ដែលឈប់ភ្លើងស្តុប បណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ និងរបួស ៤នាក់។ អ្នកបើកបរនោះ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅតុលាការ សាលាដំបូងរាជធានីភ្នំពេញ។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ តុលាការ បានចោទប្រកាន់ ឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក បណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្សច្រើននាក់)។ បទចោទប្រកាន់នេះ មានបញ្ញត្តិឲ្យផ្តន្ទាទោស តាម មាត្រា៨៣ កថាខណ្ឌ២ ចំណុច ខ និងគ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

បទចោទប្រកាន់នេះ នឹងអាចឱ្យតុលាការផ្តន្ទាទោសអ្នកបើកបរស្រវឹងស្រានោះ ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ទៅ ២៥លានរៀល៕


Share