លោកហ៊ុនម៉ាណែត សន្យាជាមួយកម្មករកាត់ដេរថា ប្រាក់ខែ​ឆ្នាំ​២០២៤ត្រូវ​តែឡើង

PM Hun Manet in the meeting with factory workers.jpg

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលជាមួយកម្មកររោងចក្រ។

ក្នុងពិធីជួបជុំជាមួយកម្មករកាត់ដេរ នៅតំបន់ព្រៃស្ពឺ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ចំនួន ៦ចំណុច សម្រាប់កម្មករកាត់ដេរ ក្នុងនោះ មានទាំងការ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យ ដែលមានចែងក្នុងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។


ចំណុចអាទិភាពទាំង ៦ចំណុចនោះ ត្រូវបានលោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសណែនាំ ហើយណែនាំទៀត ទៅកាន់រដ្ឋមន្ត្រីការងារថា ត្រូវតែអនុវត្តឱ្យបាន សម្រាប់ជាផលប្រយោជន៍របស់បងប្អូនកម្មករកាត់ដេររបស់យើង។ ជាពិសេសលើចំណុចទី១ គឺការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករកាត់ដេរ នៅឆ្នាំ២០២៤ គឺត្រូវតែធ្វើឱ្យបាន នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ នាខែតុលាខាងមុខ។ ក្នុងនោះ តិច ឬច្រើន ក៏ត្រូវតែឡើងប្រាក់ខែ សម្រាប់កម្មករកាត់ដេរ នៅឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅចំពោះមុខមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងនៅចំពោះមុខកម្មករកាត់ដេរជិត ២ម៉ឺននាក់ ដោយមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងតាមបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី២៩ ខែសីហា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ( សំឡេង )

 

សូមរម្លឹកថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ ត្រូវបានធ្វើឡើង ខណៈដែលការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរផលិតសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ កាបូប ឆ្នាំ២០២៤ នៅកម្ពុជា កំពុងធ្វើឡើង តាមរយៈយន្តការត្រីភាគី រួមមាន៖ ភាគីរាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងការងារ ភាគីនិយោជិត ជាថៅកែរោងចក្រ និងភាគីសហជីព តំណាងកម្មករ។ ក្រុមការងារនេះ នឹងជួបប្រជុំចរចាជាបន្តបន្ទាប់ ៥លើកទៀត ក្នុងយន្តការត្រីភាគី ១សប្តាហ៍ម្តង នៅថ្ងៃទី៤ ខែកញ្ញា និងចុងក្រោយ នៅថ្ងៃទី២ ខែតុលា។

 

នៅឆ្នាំ២០២៣ នេះ ប្រាក់ខែកម្មករកាត់ដេរ នៅកម្ពុជា ទាបបំផុត ២០០ដុល្លារ គឺឡើងលើសឆ្នាំ២០២២ ដែលមានចំនួន ១៩៤ដុល្លារ។ បើបូកទាំងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិត ធ្លាប់ទទួលបាន ជាមធ្យម កម្មករកាត់ដេរម្នាក់ នៅកម្ពុជា ក្នុងឆ្នាំ២០២៣ នេះ ទទួលបានប្រាក់ខែយ៉ាងតិច ពី ២១៧ដុល្លារ ដល់ ២២៨ដុល្លារអាមេរិក ក្នុង ១ខែ៕



Share