ក្រសួងមហាផ្ទៃកម្ពុជាដាក់បទបញ្ជាឱ្យពង្រឹងការអនុវត្តច្បាប់ចំពោះអ្នកប្រើយាន្តយន្តពាក់ផ្លាកលេខ «នគរបាល» ឬ «ន.ប»

Sar Sokha -by General Department of Digital Technology and Media.jpg

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋានគរបាលជាតិ រួមទាំងស្នងការនគរបាលរាជធានីខេត្តទូទាំងប្រទេស ត្រូវពង្រឹងការគ្រប់គ្រង និងចាត់វិធានការ ចំពោះការប្រើប្រាស់ផ្លាកលេខយានយន្ត «នគរបាល» ឬ «ន.ប» ជាលក្ខណៈឯកជន ខុសពីគោលការណ៍ច្បាប់កំណត់។


ក្នុងសន្និបាតក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ការប្រើប្រាស់ផ្លាកលេខ «នគរបាល» ទាំងរថយន្ដ និងទាំងម៉ូតូមួយចំនួន ខុសពីការកំណត់ ដោយអ្នកខ្លះ ទៅធ្វើការងារជាឯកជន ប៉ុន្ដែជិះមធ្យោបាយ ដែលបំពាក់លេខ «នគរបាល» ដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា៖ ( សំឡេង )

ទាក់ទិននឹងករណីប្រើប្រាស់ផ្លាកលេខរថយន្ដរបស់អង្គភាពស្ថាប័នរដ្ឋ ពិសេសស្លាកលេខប៉ូលិស ឬនគរបាល និងខេមរភូមិន្ទ សម្រាប់កងទ័ពនេះ ក៏ត្រូវបានក្រសួងការពារជាតិ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាស ព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ខ.ម ឬខេមរភូមិន្ទ ផ្ទុយនឹងច្បាប់។ ក្នុងនោះ ក្រសួងការពារជាតិ ក៏បានប្រកាសថា មិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់ផ្លាកលេខឡាន ខេមរភូមិន្ទ ឬ ខ.ម ឡើយ។

សូមរម្លឹកបន្ថែមថា មួយរយៈចុងក្រោយនេះ នៅតែមានជនជាតិចិន ជិះឡាន ពាក់ផ្លាកលេខ ខេមរភូមិន្ទ ឬខ.ម ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើកគេចចេញពីកន្លែងកើតហេតុ។ ករណីនោះ បានកើតឡើង នៅខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន។ ក្រោយមក បុរសជនជាតិចិននោះ ក៏ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ចាប់បាន និងផ្តន្ទាទោសតាមច្បាប់៕


Share