គណបក្សនយោបាយចំនួន៤នៅកម្ពុជា ប្រកាសចងសម្ពន្ធភាព​ជាមួយគ្នា

Parties Alliance in Cambodia.jpg

គណបក្សនយោបាយចំនួន៤ ប្រកាស «ចងសម្ពន្ធភាព» ជាមួយគ្នា

គណបក្សនយោបាយ ចំនួន ៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ជាផ្លូវការហើយ។ នេះបើតាមសេចក្ដីប្រកាសរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។


គណបក្សចំនួន ៤ រួមមាន៖ គណបក្ស ភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់លោក យ៉េង វីរៈ និងគណបក្សកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នាជាផ្លូវការ។ ការរួមគ្នារវាងគណបក្សទាំង ៤នេះ នឹងបង្កើត “សម្ព័ន្ធភាពឆ្ពោះទៅអនាគត”។

សេចក្តីប្រកាសព័ត៌មានដដែលរបស់គណបក្សភ្លើងទៀន បានបញ្ជាក់ថា ការចងសម្ព័ន្ធនេះ នឹងប្រារព្ធពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម នៅវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។

សូមរម្លឹកថា គណបក្សនយោបាយទាំង ៤ ដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ បានប្រកាសចងសម្ព័ន្ធភាពនេះ គឺនៅមុនការបោះឆ្នោតព្រឹទ្ធសភា នៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងធ្វើឡើង នៅខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះ គណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះមកពីគណបក្សសមរង្ស៊ី គឺមិនអាចចុះឈ្មោះចូលរួមការបោះឆ្នោតបានទេ ដោយសារតែមិនបានឯកសារច្បាប់ដើមនៃការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ គណបក្សភ្លើងទៀន ត្រូវបានគជប បដិសេធ មិនចុះឈ្មោះ ឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០២៣ ឡើយ។

ដូច្នេះការចងសម្ព័ន្ធភាពគណបក្សប្រឆាំង ពេលនេះ ដើម្បីអាចឱ្យបក្សសម្ព័ន្ធភាពទាំង ៤នេះ មានសំឡេង នៅក្នុងព្រឹទ្ធសភា តាមរយៈការបោះឆ្នោតអសកល។ ពោលគឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងអ្នកតំណាងរាស្ត្រ នៅក្នុងតំណែងប៉ុណ្ណោះ ជាអ្នកមានសិទ្ធិបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលមានចំនួនពាក់កណ្តាល នៃសមាជិករដ្ឋសភា ១២៥រូប។

គណបក្សភ្លើងទៀន តាមរយៈការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០២២ គឺមានសំឡេងច្រើនគួរសមដែរ ដែលអាចនឹងទទួលបានអាសនៈនៅព្រឹទ្ធសភា លំដាប់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា៕



Share