ក្នុងពិធីជួបជុំកាលពីព្រលប់ថ្ងៃទី២១មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់និកាយសាសនា, ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ( សំឡេង )
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយដល់បងប្អូនខ្មែរឥស្លាម តាមរយៈការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀក សម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សា គ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមស្ថាប័នរដ្ឋ និងទីសាធារណៈផងដែរ។
គួរបញ្ជាក់ថា ប្រធានរដ្ឋសភាថៃ តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម និងអតីតប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ដែលជាជនជាតិឥស្លាម បានមកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយក៏រៀបចំពិធីជួបជុំពិសារអាហារស្រាយបួស នៃបុណ្យស្រាយបួស រ៉ាម៉ាឌន របស់សាសនិកឥស្លាម តែម្តង។
សម្រាប់កម្ពុជា នៅឆ្នាំនេះ គឺជាឆ្នាំទី៨ហើយ ដែលរាជរដ្ឋាភិបាល បានសម្រេចរៀបចំឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤៕